
សត្វស្មោញជាប្រភេទសត្វកម្រកំពុងបន្តរស់នៅច្រើនជាងគេក្នុងជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង
បាត់ដំបង៖ ជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង មានវត្តមានសត្វស្មោញជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
មន្ត្រីអង្គការអភិរក្សបឹងទន្លេសាបបានបង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨មក គេសង្កេតឃើញមានសត្វស្លាបចំនួន ១០ប្រភេទដែលជាសត្វរងគ្រោះខ្លាំងបំផុតបាននឹងកំពុងរស់នៅក្នុងដែនអភិរក្សជីវ:ចម្រុះរ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការដៃគូរួមគ្នាទប់ស្កាត់ និងអភិរក្សឡើងវិញ។
ជាមួយគ្នាប្រភេទសត្វកម្រដដែលនេះក៏ប្រឈម និងរងគ្រោះដោយការយាយីខ្លាំងពីមនុស្សតាមប្រមាញ់ធ្វើម្ហូបផងដែរនៅរវាងអំឡុងឆ្នាំ២០០៨ មានដូចជា សត្វស្មោញ សត្វត្រដក់តូច ត្រដក់ធំ សត្វទុងប្រផេះ សត្វចង្កៀលខ្យង រនាលពណ៌ ពពូលទឹក សត្វក្ងខ្លួនស សត្វអង្កត់ខ្មៅ និងសត្វអកត្រីប្រផេះជាដើម ដោយបច្ចប្បុន្នសត្វស្លាបទាំងនេះកំពុងបន្តវត្តមានរស់នៅក្នុងដែនអភិរក្សបឹងទន្លេសាប ចែកចេញជា ៣ប្រភេទ ក្នុងនោះមានប្រភេទសត្វដោយសម្បូរ ប្រភេទសត្វដោយបង្គួរ និងប្រភេទសត្វដ៏កម្រនៅប៉ែកអាស៊ីអាគ្នេយ៍។
ប្រធានសហគមន៍អេកូទេសចរណ៍តំបន់បឹងទន្លេសាបលោក តុន ណៃ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃម្សិលមិញថា÷ ប្រភេទសត្វស្មោញក្នុងចំណោមសត្វស្លាបដែលរងគ្រោះទាំង ១០ប្រភេទខាងលើបន្ទាប់ពីមានគោលការណ៍អភិរក្សពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០១មក មន្ត្រីជំនាញបានរកឃើញជម្រកសត្វស្មោញរស់នៅលើដើមឈើតែ២ដើមប៉ុណ្ណោះ ស្មើនឹងមេពូជចំនួន៥០០ក្បាល ហើយធម្មជាតិរបស់សត្វស្មោញវាកាច់សំបុកពងកូននៅរៀងរាល់អំឡុងខែតុលា។
លោក តុន ណៃ បានបន្ថែមថា ក្រោយរាជរដ្ឋាភិបាលក៏ដូចជាអង្គការដៃគូបានផ្តោតយកចិត្តទុកដាក់លើការថែរក្សា និងអភិរក្សសត្វស្លាបទាំងអស់មកក្រៅពីសត្វស្មោញ ក៏មានពូជសត្វចំនួន ៩ប្រភេទទៀត មានចំនួនកើនឡើងជាបន្តបន្ទាប់ផងដែរ ថែមទាំងបានក្លាយជាមេដែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចាប់អារម្មណ៍ចូលមកទស្សនាដែនទឹកភូមិសាស្ត្រខេត្តបាត់ដំបង យ៉ាងច្រើនគួរឲ្យគាត់សម្គាល់ផងដែរ៕