ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ស្នងការនគរបាលជាតិរកឃើញថាករណីបង្ខាំងជនជាតិចិនធ្វើទាសករលក់ឈាមជារឿងប្រឌិត

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិចេញសេចក្ដីប្រកាសព័ត៌មានរកឃើញថាករណីបង្ខាំងជនជាតិចិនធ្វើទាសករលក់ឈាមជារឿងប្រឌិត ដែលជនជាតិចិនម្នាក់នោះនិងបក្សពួកបង្កើតឡើងដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់បន្ទាប់ពីលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីអង្គភាពជំនាញចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន បន្ទាប់ពីក្នុងរយៈពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានស្តីពីការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ។

ពាក់ព័ន្ធនឹងករណីជនជាតិចិនរូបនោះ ខាងអង្គភាពបានរកឃើញថា គឺជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធចំនួន៣នាក់ទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មានបន្តថា ឈោ្មះ LI YA YUAN LUN អះអាងថាជាជនរងគ្រោះនោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែន ចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។

អ្នកពាក់ព័ន្ធចំនួន៣នាក់នោះ ដែលជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោង ប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយ ដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។

បច្ចុប្បន្នឈ្មោះ LI YA YUAN LUN និងអ្នកពាក់ព័ន្ធចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវគ្រប់មជ្ឈដ្ឋានសារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ឱ្យធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ អន្តរជាតិ។

គួរឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានសារព័ត៌មានជាច្រើនបានចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិចិនម្នាក់ឈ្មោះ LI YA YUAN LUN ត្រូវបានគេបង្ខាំងនិងបូមឈាមលក់នៅក្នុងខេត្តព្រះសីហនុ។ ជនជាតិចិនរូបនោះ អះអាងថាខ្លួនត្រូវបានគេបោកបញ្ឆោតនាំពីប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាមយកមកប្រទេសកម្ពុជាដើម្បីបង្ខាំងធ្វើជាទាសករលក់ឈាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក