វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ខេត្តកែបត្រូវបានប្រកាសជាខេត្តទី១ដែលលែងមានគ្រាប់មីន

កែប៖ ខេត្តកែបត្រូវបានប្រកាសជាខេត្តដែលត្រូវបានបោសម្អាតគ្រាប់មីនអស់ ខណៈរាជធានីនិងខេត្តចំនួន ០៧ទៀតនឹងត្រូវប្រកាសជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីប្រកាសខេត្តកែបជាខេត្តទី១ អស់មីននៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ អនុប្រធានទី១ អាជ្ញាធរមីន និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២១ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ បានសម្រេចជ្រើសរើសយកខេត្តកែប ដែលមានផលប៉ះពាល់តិចតួច ធ្វើការបោសសម្អាត និងរៀបចំប្រកាសជាខេត្តអស់មីនដំបូងគេបង្អស់ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្ស និងប្រទេសហុងគ្រី ដោយជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជាអ្នកបោសសម្អាត។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសន័រវេស្ស និងរដ្ឋាភិបាលប្រទេសហុងគ្រី និងមជ្ឈមណ្ឌលជាតិស៊ីម៉ាក់ ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅក្នុងខេត្តកែប ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងប្រតិបត្តិករជាតិ-អន្តរជាតិដទៃទៀត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គពិធីថា៖ «កម្ពុជា បានទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មានទាំងបញ្ហាមីន និងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ភូមិអស់មីន ឬខេត្តអស់មីន មិនមែនជាភូមិ ឬជាខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទជាដើម។ ខេត្តកែបអស់មីន មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានការដោះស្រាយ និងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»។

បើតាមលោក លី ធុជ កម្ពុជាគ្រោងនឹងប្រកាសរាជធានី/ខេត្តចំនួន ០៧ទៀត អស់មីនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២ រួមមាន ខេត្តព្រៃវែង កណ្តាល រាជធានីភ្នំពេញ កំពង់ចាម ព្រះសីហនុ រតនគិរី និងខេត្តតាកែវ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានថ្លែងថា ខេត្តកែប ជាតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយក្នុងចំណោមតំបន់ក្តៅទាំងឡាយនៃប្រទេសកម្ពុជា។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គិតត្រឹមឆ្នាំ២០២១ ចំនួន ២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ និងក្រុងកែប មាន២៣នាក់ (មាន៩២% រងគ្រោះដោយសារមីន)។

លោកអភិបាលខេត្តកែបបានបន្តទៀតថា៖ «ទោះបីជាខេត្តទី១អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រជួយដល់ខេត្តកែបលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាសេសសល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម»។

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានឱ្យដឹងថា ខេត្តកែបមានចម្ការមីនសរុបចំនួន ២៧ មានផ្ទៃដីសរុបជាង ៤លានម៉ែត្រក្រឡា ដែលអង្គភាពបានចាប់ផ្ដើមធ្វើការបោសម្អាតតាំងពីឆ្នាំ១៩៩៥ មកចំនួន ២ដង ហើយគ្រាប់មីនដែលរកឃើញច្រើនក្នុងខេត្តនេះគឺជាប្រភេទគ្រាប់មីនប្រឆាំងមនុស្ស។

លោកថ្លែងថា៖ «អង្គភាព CMAC បានពង្រាយកម្លាំងបោសសម្អាតតំបន់បានដឹងនិងមានកំណត់ត្រាជាតំបន់មានវត្តមានគ្រាប់មីនប្រឆាំងមនុស្ស នៅភូមិសាស្ត្រខេត្តកែបទាំង២លើកនេះ រុករកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួនជាង ៧០០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួនជាង ៦០០គ្រាប់និងបានសម្រេចរំដោះខេត្តកែបពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ១០០% ដូចនេះខេត្តកែបជាខេត្តគ្មានតំបន់មានកំណត់ត្រាក្នុងទិន្នន័យជាតិថា មានបញ្ហាគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយ និងក្លាយជា ខេត្តគ្មានគ្រាប់មីន»។

តំណាងឱ្យរដ្ឋាភិបាលហុងគ្រីបានថ្លែងថា ក្នុងនាមជាសមាជិកនៃសន្និសញ្ញាក្រុងអូតាវ៉ា ប្រទេសហុងគ្រីមិនអាចមើលសមាជិកខ្លួនបន្តរងគ្រោះដោយគ្រាប់មីនបន្តទៀតទេ ដូច្នេះហើយទើបរដ្ឋាភិបាលហុងគ្រីចូលរួមជួយជាពិសេសដល់កម្ពុជា។

លោកបានថ្លែងថា៖ «យើងមិនអាចឈរមើលចម្ការមីនបង្កើតឱ្យមានជនរងគ្រោះថ្មី បង្អាក់ការដាំដំណាំ ឬក្មេងមិនអាចធ្វើដំណើរទៅសាលាដោយសុវត្ថិភាពទេ។ ការបោសសម្អាតមីនគឺជាតម្រូវការជាមុនសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ សុវត្ថិភាពពីមីនក៏នឹងអនុញ្ញាតឱ្យយើងទទួលបានអត្ថប្រយោជន៍ពេញលេញពីឱកាសដែលប្រទេសដ៏គួរឱ្យចាប់អារម្មណ៍នេះផ្តល់ជូនដល់វិស័យទេសចរណ៍ផងដែរ»។

គិតត្រឹមឆ្នាំ២០២១ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៨៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ កំពុងនៅសល់ក្នុងរាជធានីខេត្តចំនួន ២៣ទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការប្រកាសរាជធានី/ខេត្ត ដែលមានផលប៉ះពាល់ដោយសារមីនតិចតួចចំនួន ០៧ទៀត ជារាជធានី/ខេត្តអស់មីន រួមមាន៖ ខេត្តព្រៃវែង (៣,៦ហិកតា) ខេត្តកណ្តាល (៦,៥ហិកតា) ភ្នំពេញ (១២៥ហិកតា) ខេត្តកំពង់ចាម (១២៨ហិកតា) ខេត្តព្រះសីហនុ (១៧៤ហិកតា) ខេត្តរតនគិរី(៣៤០ហិកតា) និងខេត្តតាកែវ (៣៦៣ហិកតា)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក