អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសបង្កើតកងពលអន្តរជាតិការពារដែនដីអ៊ុយក្រែន ដែលនឹងចុះឈ្មោះជនបរទេសដែលចង់ប្រយុទ្ធដើម្បីប្រទេសប្រឆាំងនឹងរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យ លោក Zelensky បានថ្លែងទៅកាន់ពលរដ្ឋនៃប្រទេសបរទេសដោយនិយាយថា ការវាយលុករបស់រុស្ស៊ីមិនគ្រាន់តែជាការឈ្លានពានអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអឺរ៉ុប ដូច្នេះហើយ អ្នកណាដែលចង់ចូលរួមការប្រយុទ្ធ និងឈរជាមួយនឹងអ៊ុយក្រែនត្រូវបានស្វាគមន៍ក្នុងការធ្វើសង្គ្រាមនេះ។
លោកថា៖ «អ្នកណាក៏ដោយដែលមានបំណងចង់ចូលរួមការតស៊ូប្រឆាំងនឹងរុស្ស៊ី ដើម្បីការពារសន្តិសុខពិភពលោកឱ្យមករដ្ឋរបស់យើង និងចូលរួមក្នុងជួរនៃកងកម្លាំងការពារដែនដី។ អង្គភាពបរទេសដាច់ដោយឡែកមួយកំពុងត្រូវបានបង្កើតឡើង គឺកងទ័ពអន្តរជាតិនៃការការពារដែនដីអ៊ុយក្រែន»។
ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការវាយលុកចូលអ៊ុយក្រែន ប្រទេសសមាជិកណាតូបានសន្យាថានឹងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ប្លុកនេះបានប្រកាសថាខ្លួនមិនមានគម្រោងបញ្ជូនកងទ័ពទេ ដែលនាំឱ្យ Zelensky អះអាងថា អ៊ុយក្រែនត្រូវបានទុកឱ្យការពារខ្លួន "តែម្នាក់ឯង"។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ពីការចាប់ផ្តើមប្រតិបត្តិការយោធាដោយភាពចាំបាច់ជាបន្ទាន់ដើម្បី «ធ្វើឱ្យអ៊ុយក្រែនគ្មានយោធា» ដើម្បីការពារសាធារណរដ្ឋ Donbass និងដើម្បីធានាថារុស្ស៊ីនឹងមិនត្រូវបានដាក់នៅក្រោមការគំរាមកំហែងដោយណាតូពីទឹកដីអ៊ុយក្រែន។ លោកខាងលិចបានឆ្លើយតបនឹងការវាយលុកដោយការដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹងលើរុស្ស៊ី៕