លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកពីអនុស្សាវរីយ៍ដែលលោកបានទៅដល់ក្រុងប៊ែរឡាំងដំបូងកាលពី៥០ឆ្នាំមុន
អាល្លឺម៉ង៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រៀបធៀបភាពខុសគ្នានៃក្រុងប៊ែរឡាំងពីសម័យសង្គ្រាមត្រជាក់មកពេលបច្ចុប្បន្ន និងភាពខុសគ្នានៃដំណើរទៅប៊ែរឡាំងរបស់លោកពីពេលមុននិងពេលនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើហ្វេសបុកផេករបស់លោកកាលពីម្សិលមិញថា លោកបានធ្វើដំណើរទៅទីក្រុងប៊ែរឡាំងដំបូងក្នុងឆ្នាំ១៩៧២ ពោលគឺ៥០ឆ្នាំ ដែលពេលនោះក្រោយលោកបានទទួលសញ្ញាបត្របញ្ចប់មធ្យមសិក្សាកំរិតពីរ។
លោកសរសេររៀបរាប់ថា៖ «កាលនោះជាសម័យសង្គ្រាមត្រជាក់ ក្រុងនេះនៅចែកជាពីរនៅឡើយ ដែលខាងកើតត្រួតត្រាដោយសហភាពសូវៀត ឯខាងលិចត្រួតត្រាដោយកំលាំងសម្ព័ន្ធមិត្តបីទៀតគឺ អាមេរិក អង់គ្លេស និងបារាំង (អ្នកឈ្នះសង្គ្រាមលោកលើកទី២)។ ដំណើរពេលនោះជាដំណើរកំសាន្តដោយចេញពីទីក្រុងម៉ូស្គូ ក្រោយបានទទួលសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាកំរិតពីរ»។
៥០ឆ្នាំក្រាយ លោកបានធ្វើដំណើរទៅប៊ែរឡាំងម្ដងទៀតតែនៅពេលនេះ គឺក្នុងបេសកម្មកម្មដែលលោកចាត់ទុកជាបេសកម្មដ៏មានអត្ថន័យមួយ។ ហើយនេះក៏ជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសខ្មែរលើកទីមួយក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយផងដែរ។
លោកថា៖ «ឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន ហើយតំបន់ទាំងពីរ អឺរ៉ុបនិងអាស៊ី មានបញ្ហាធំដូចគ្នាដែលត្រូវដោះស្រាយដើម្បីការពារសន្តិភាព ស្ថិរភាព ដែលការពិតត្រូវបានរបូតចេញពីដៃយើងរួចទៅហើយ»។
ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅអាល្លឺម៉ង់នាពេលនេះលោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអាល្លឺម៉ង់ ហើយក៏អរគុណដល់ពួកគាត់ដែលខំធ្វើដំណើរមកជួបរូបលោកដោយផ្ទាល់ផងដែរ៕