អន្តរជាតិ៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO លោក Jens Stoltenberg បានថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីយប់មិញនៅទីក្រុងប្រុចសែល ប្រទេសបែលហ្សិកថា ពេលនេះកម្លាំងឆ្លើយតបរបស់អង្គការណាតូបានដាក់ពង្រាយនៅតាមប្រទេសជាសមាជិកខ្លួនចាប់ពីភាគខាងកើតប្រទេសអ៊ែកឡង់ រហូតដល់សមុទ្រមេឌីទែរ៉ានេ។
លោក Jens Stoltenberg បានលើកឡើងថា អាមេរិក កាណាដា និងអឺរ៉ុប បានពង្រាយទ័ពនៅភាគខាងកើតនៃផែប្រទេសអៀឡង់ ខណៈយន្តជាង១០០ត្រូវបានប្រតិបត្តិត្រៀមនៅ៣០ទីតាំង ហើយនាវាចម្យាំងជាង២០ត្រូវបានដាក់ពង្រាយពីសមុទ្រភាគជើងរហូតដល់សមុទ្រម៉េឌីទែរ៉ាណេ។
លោកថ្លែងក្នុងសន្នីសិទនោះថា៖ «គ្មានកន្លែងណាដែលយើងគិតមិនដល់ទេ! យើងនឹងធ្វើដើម្បីតាមដាន និងការពារសម្ព័ន្ធមិត្តរបស់យើង»។
ក្នុងពេលដែលលោក Jens Stoltenberg ថ្លែងបែបនេះទ័ពរុស្ស៊ីបានចូលកាន់តែកៀកដល់រដ្ឋធានីគៀវ ដែលជារដ្ឋធានីនៃប្រទេសអ៊ុយក្រែនហើយ។ លោកបានប្រាប់ទៅប្រទេសអ៊ុយក្រែនថាអង្គការណាតូនៅតែគាំទ្រដល់ប្រទេសអ៊ុយក្រែនជានិច្ច ដោយពុំបានបញ្ជាក់ពីការគាំទ្របែបណានោះទេ។
លោកថា៖ «យើងមើលឃើញថាទ័ពអ៊ុយក្រែនបានវាយប្រយុទ្ធដោយភាពក្លាហាន និងមានសមត្ថភាពធ្វើឱ្យខាតបង់ដល់ទ័ពឈ្លានពានរុស្ស៊ី។ សម័្ពន្ធមិត្តណាតូបានបង្ហាញនូវការតាំងចិត្តថ្ងៃនេះថាពួកគេនឹងផ្ដល់ការគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបន្តគាំទ្រដល់យោធា គាំទ្រដល់ជាតិ គាំទ្រជំនួយមនុស្សធម៌ ហើយខ្ញុំគិតថាយើងត្រូវវិនិច្ឆ័យថាមានរឿងអីចូលខ្លះ។ តែសារពីថ្នាក់ដឹកនាំណាតូ ពីហ្វាំងឡង់ និងស៊ុយអែត និងអឺរ៉ុប ថាពួកយើងនឹងនៅទីនេះដើម្បីគាំទ្រអ៊ុយក្រែន។ យើងគាំទ្រច្រើនឆ្នាំមកហើយ ហើយយើងនឹងនៅតែគាំទ្របន្តទៀត»។
ខណៈពេលដែលលោក Jens Stoltenberg កំពុងថ្លែងនេះទ័ពរុស្ស៊ីបានរុលចូលដល់ជាយរដ្ឋធានីគៀវជាបណ្ដើរៗហើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន reuters ។
កាលពីម្សិលមិញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវដល់ពលរដ្ឋឱ្យកាន់អាវុធការពារប្រទេសពីកម្លាំងរុស្ស៊ី និងចូលរួមបរិច្ចាកឈាមជួយសង្គ្រោះជីវិតទាហានរងរបួស បន្ទាប់ពីមេដឹកនាំអឺរ៉ុបបានបដិសេធឆ្លើយនឹងសំណួររបស់លោកលើភាពជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន៕