ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមាគមពិភពលោកនៃក្តីមេត្តារដ្ឋគុយវ៉ែត ចែកអំណោយដល់ពលរដ្ឋខ្វះខាតនៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែកុម្ភៈ សមាគមពិភពលោកនៃក្តីមេត្តានៃរាជាណាចក្រគុយវ៉ែត (Rahma International Society) សហការជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម (Reform and Development Society Association) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គការ បានចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋកម្ពុជានៅសង្កាត់គីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ ចំនួន ៤២០គ្រួសារ។

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការមជ្ឍមណ្ឌលឥស្លាមភ្នំពេញ លោក អូស្មាន ហាស្សាន់ ដែលមានវត្តមាននៅទីនោះមានប្រសាសន៍ថា អំណោយទាំងអស់ដែលបានចែកជូនពលរដ្ឋខ្មែរនៅថ្ងៃនេះគឺធ្វើការបែងចែកដោយមិនប្រកាន់នូវជាតិសាសនានោះទេ។

លោកថា៖ «ខ្ញុំសូមអរគុណណាស់ចំពោះអំណោយនានាដែលកន្លងទៅ ខ្ញុំនៅចាំបានថាឆ្នាំ១៩៩៦ ១៩៩៧ មានបណ្តាប្រទេសធំៗប្រុងស្នើរសុំទៅសម្តេចតេជោឱ្យមានការកាត់បន្ថយទទួលអំណោយពីបណ្តាប្រទេសមជ្ឍឹមបូពា៍ ក៏ដូចជាបណ្តាប្រទេសឥស្លាមនានា សម្តេចបានឆ្លើយតបវិញថា ប្រសិនបើអស់លោកមិនបានផ្តល់អំណោយដល់ប្រជាជនដែលកំពុងមានតម្រូវការ ហើយចង់ឱ្យសម្តេចបិទទ្វារមិនឱ្យទទួលជំនួយពីបណ្តាប្រទេសឥស្លាមនានានោះគឺសម្តេចមិនទទួលយកឡើយ គឺសម្តេចនៅតែបើទ្វារទទួលយកអំណោចពីបណ្តារប្រទេសឥស្លាមនានាដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលមានតម្រូវការចាំបាច់»។

ជាមួយគ្នាផងដែរ ប្រធានការិយាល័យកម្ពុជា ប្រចាំនៅសមាគម Rahma International State of Kuwait លោក Ali I E A Alrashed បានថ្លែងថា៖ «សមាគមរបស់រ៉ាម៉ាប្រទេសគុយវ៉ែតចែកអំណោយទូទាំងពិភពលោក មាន២៧ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ហើយក្នុងថ្ងៃ ២៥ និង២៦ នេះក៏ជាថ្ងៃបុណ្យឯករាជ្យជាតិទី៦១ របស់ប្រទេសគុយវ៉ែតផងដែរ។ ក្នុងឱកាសនេះ យើងបាននាំអំណោយចែកជូនប្រជាពលរដ្ឋកម្ពុជា ដែលនេះសបញ្ជាក់ពីទឹកចិត្តដ៏ស្មោះសរបស់ប្រជាជនគុយវ៉ែតទាំងមូលជូនប្រជាជនកម្ពុជាផងដែរ ហើយសមាគមន៍នឹងបន្តជួយប្រទេសកម្ពុជាជារៀងរហូត»។

នៅក្នុងពិធីចែកអំណោយមនុស្សធម៌នេះអ្នកស្រី សា សាណាស់ វ័យ ៥០ឆ្នាំ បានសម្តែងការសប្បាយរីករាយនៅពេលទទួលបានអំណោយ។

អ្នកស្រី សាណាស់ ថ្លែងថា៖ «ពេលទទួលបានអំណោយមានអារម្មណ៍ថារំភើប ហើយសប្បាយចិត្តដែលអាចដោះស្រាយជីវភាពគ្រួសារខ្ញុំដែលមានជីវភាពខ្វះខាត ជាពិសេសខ្ញុំសូមអរគុណទៅដល់ម្ចាស់អំណោយ និងរដ្ឋាភិបាលទាំងអស់ដែលបានផ្តល់ជំនួយដល់រូបខ្ញុំ»។

ជាមួយគ្នានេះលោក ឡោះ ការី ដែលជាជនមានពិការភាពវ័យ ៦៨ឆ្នាំបានឱ្យដឹងថាអំណោយនេះនឹងសម្រួលដល់ជីវភាពរបស់គាត់សម្រាប់ការរស់នៅខ្លះផងដែរ។

លោកថា៖ «ខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានទទួលអំណោយពីប្រជាជនគុយវ៉ែតដែលបាន ជួយដល់ប្រជាជនក្រីក្រនៅកម្ពុជា ដែលអំណោយនេះក៏បានសម្រួលដល់ការខ្វះខាតរបស់ខ្ញុំ»។

ប្រធានអង្គការវិថីយុវជន លោកស្រី ម៉ាត់ អាមេរ៉ូស បានថ្លែងចំណាប់អារម្មណ៍ថាការចែកអំណោយនេះជាការធ្វើបុណ្យប្រចាំឆ្នាំរបស់ប្រជាជនគុយវ៉ែតមកកាន់ពលរដ្ឋនៃប្រទេសផ្សេងៗ និងសង្ឃឹមថានាពេលក្រោយនឹងមានការចូលរួមពីប្រទេសអារ៉ាប់ផ្សេងទៀតផងដែរ។

តំណាងសមាគម Rahma International State of Kuwait ប្រចាំកម្ពុជា លោក Nasr Hasan Khaleel Abu Jwaied ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងប្រជាជនគុយវ៉ែតដែលជួយប្រទេសកម្ពុជា និងអរគុណដល់ស្ថានទូតគុយវ៉ែតប្រចាំប្រទេសកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដែលតែងជួយសម្របសម្រួលរាល់គម្រោងរបស់សមាគមផងដែរ។

លោកថា៖ «នៅក្នុងថ្ងៃបុណ្យឯករាជ្យរបស់គុយវ៉ែត ខ្ញុំសូមអរគុណដល់ម្ចាស់ជំនួយ និងប្រជាជនគុយវ៉ែតដែលបន្តជួយដល់ប្រទេសកម្ពុជាគ្រប់គម្រោងរហូតមកដល់ពេលនេះ ហើយអរគុណដល់ក្រសួងការបរទេសនៃប្រទេសគុយវ៉ែត ហើយអគុណដល់អគ្គរាជទូតរបស់ប្រទេសគុយវ៉ែតប្រចាំប្រទេសកម្ពុជា និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយសម្រួលរាល់គម្រោងរបស់សមាគមរ៉ាមាស់ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា»។

គួរបញ្ជាក់ថា អំណោយរបស់សមាគមពិភពលោកនៃក្តីមេត្តានៃរដ្ឋគុយវ៉ែត នេះត្រូវបានចែកជូនជាអំណោយមនុស្សធម៌ដល់ប្រជាជន ២៣ប្រទេស ដែលមានចំនួនជាង ៦៥ម៉ឺននាក់ ដែលទទួលបានអំណោយនេះស្របគ្នានឹងថ្ងៃបុណ្យឯករាជ្យជាតិរបស់គុយវ៉ែតលើកទី៦១ (ថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២២)។ ចំពោះប្រទេសកម្ពុជាអំណោយមនុស្សធម៌នេះត្រូវបានបែងចែកទៅ ៦តំបន់មាននៅភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ ត្បូងឃ្មុំ កោះកុង និងខេត្តកណ្តាល ដោយមួយទីតាំងមាន ៤២០គ្រួសារ សរុបទាំងអស់ ២៥២០គ្រួសារ ស្មើនឹង ២៥២០កញ្ចប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក