រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃវិធានការរដ្ឋបាលលើបាតុករណាហ្គាវើល
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលព័ត៌មាន និងការចោទប្រកាន់នានាពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃវិធានការរដ្ឋបាលលើបាតុករណាហ្គាវើល ដែលត្រូវបានផ្សព្វផ្សាយនៅប៉ុន្មានថ្ងៃមកនេះ។
ការចោទប្រកាន់នានាដូចជាការដាក់ឱ្យធ្វើចត្តាឡីស័កនៅក្រៅបន្ទប់ស្នាក់នៅ ការប្រើប្រាស់ស្ដង់ដារពីរលើការអនុវត្តន៍វិធានការសុខភាព និងការបៀតបៀនផ្លូវភេទជាដើមត្រូវបានរដ្ឋបាលរាជធានីភ្នំពេញច្រានចោលតាមរយៈសេចក្ដីប្រកាសព័ត៌មាន និងសេចក្ដីជូនដំណឹងចំនួន ២ច្បាប់កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា ការចាប់បញ្ជូនអ្នកតវ៉ាទៅដាក់មណ្ឌលចត្តាឡីស័កគឺដោយសារបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ធ្ងន់ធ្ងរ។
សាលារាជធានីភ្នំពេញបន្តថា៖ «ចំពោះការអញ្ជើញក្រុមបាតុករទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់ក្នុងជួរបាតុករទាំងនោះ។ នេះសបញ្ជាក់ឱ្យឃើញថា ក្រុមបាតុករទាំងនោះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យនោះទេ។ ដូច្នេះអាជ្ញាធរសមត្ថកិច្ចត្រូវចាត់វិធានការជាបន្តបន្ទាប់រហូតធានាបានថា ក្រុមបាតុករទាំងអស់នោះពុំមានករីណីវិជ្ជមានកូវីដ-១៩ ទើបអនុញ្ញាតឱ្យមានការប្រមូលផ្ដុំនៅតាមទីសាធារណៈ ស្របតាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្ដិវិធី និងវិធានការសុខាភិបាលផ្សេងទៀតដែលបានដាក់ចេញ»។
សាលារាជធានីភ្នំពេញ បានបង្ហាញនូវការហួសចិត្តបន្ទាប់ពីខ្លួនបានអនុវត្តន៍វិធានការនេះ បែរជាមានព័ត៌មាន និងសេចក្ដីថ្លែងការណ៍នានាចោទប្រកាន់ថាអាជ្ញាធរបានប្រើប្រាស់ហិង្សា រួមនឹងការបៀតបៀនផ្លូវភេទទៅលើស្ត្រីជាក្រុមបាតុករ។
សាលារាជធានីបញ្ជាក់បន្ថែមថា៖ «តើវាអាចទៅរួចដែរឬទេ ដែលថាអាជ្ញាធរអាចប្រព្រឹត្តិនូវទង្វើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមុខមនុស្សម្នា អាជីវករ អ្នកធ្វើដំណើរនៅទីប្រជុំជនជាច្រើននាក់ដែលមានកាមេរ៉ាទូរស័ព្ទដៃគ្រប់ដៃ ក៏ដូចជាសមត្ថកិច្ចដទៃទៀតដែលកំពុងបំពេញភារកិច្ចនៅតាមទីសាធារណៈនោះ? ករណីនេះ ត្រូវតែមានភស្ភុតាច្បាស់លាស់ ដើម្បីមានមូលដ្ឋានចាត់វិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុសឱ្យទទួលខុសត្រូវចំពោះមុខច្បាប់» ។
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកចេញសេចក្ដីថ្លែងការណ៍ បញ្ឈប់ការចេញផ្សាយព័ត៌មានដែលខ្លួនថាមិនមែនជាការពិតនេះផងដែរ។
ទាក់ទងនឹងវិធានការលើក្រុមបាតុករវិញ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចចាត់វិធានការផ្លូវច្បាប់ និងពិន័យអន្តរកាលលើបាតុករដែលរឹងរុសនិងល្មើសច្បាប់ទាក់ទងការការពារជំងឺឆ្លង។
សាលារាជធានីភ្នំពេញបានរាប់រាប់ថា ការបញ្ជូនអ្នកតវ៉ាចំនួន ៥៤នាក់ទៅមណ្ឌលចត្តាឡីស័កភ្នំពេញអាជ្ញាធរមានការលំបាកដោយសារបាតុករមិនព្រមសហការណ៍ បង្កភាពគ្មានសណ្ដាប់ធ្នាប់ និងបានបង្កើតឈុតឆាកល្ខោនហើយថតបង្ហោះតាមបណ្ដាញសង្គម ផ្ដល់ព័ត៌មានខុសទៅដល់សាធារណជនឱ្យមានការយល់ច្រលំមកលើរដ្ឋបាលរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញនឹងចាត់វិធានការបន្តទៀតចំពោះករណីនេះ។
បើតាមសាលារាជធានីភ្នំពេញ បច្ចុប្បន្នមានបាតុករ ៣នាក់ហើយដែលត្រូវខ្លួនដាក់ពិន័យអន្តរកាលដោយពិន័យជាប្រាក់ចំនួន ១លានរៀលក្នុងម្នាក់ៗតាមច្បាប់ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្រៅពីនោះក៏នឹងមានវិធានការដូចគ្នាទៅនឹងបាតុករផ្សេងទៀតដែលរកឃើញល្មើសផងដែរ៕