អាល្លឺម៉ង់សង្កត់ធ្ងន់អំពីសារសំខាន់នៃភាពសាមគ្គីរវាង G7 និងអាស៊ាន ក្នុងការជួយដល់ស្ដារស្ថានភាពនៅអ៊ុយក្រែន
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង លោកស្រី ANNALENA BAERBOCK បានសង្កត់ធ្ងន់ធ្ងន់អំពីសារសំខាន់នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និងអាស៊ាន ទៅលើការចូលរួមដោះស្រាយបញ្ហានៃវិបតត្តិអ៊ុយក្រែន។ ការលើកឡើងនេះក្នុងពេលដែលលោកស្រី ជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោកស្រី ANNALENA BAERBOCK ក្នុងក្រុងប៊ែកឡាំង រដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួល អាកាសធាតុ ព្រមទំាងប្រធានបទផ្សេងៗជាច្រើនទៀត។
ទាក់ទងនឹងបញ្ហាអ៊ុយក្រែន លោកស្រី ANNALENA BAERBOCK បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និងអាស៊ាន ខណៈលោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាបាននូវសន្តិភាពពិភពលោក និងការរក្សាបាននូវនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិបុលភាពរួមគ្នា។
ទាក់ទងនឹងបញ្ហានេះកាលពីម្សិលមិញប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែនផងដែរ។
កាលពីម្សិលមិញក្រុមមេដឹកនាំ G7 បានបង្ហាញនូវការតក់ស្លុត និងបានថ្កោលទោសការវាយប្រហាររបស់រុស្សចូលដីអ៊ុយក្រែន ខណៈបាននាំគ្នាប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីផងដែរ។
រុស្ស៊ី បានប្រកាសថាបានបំផ្លាញប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនបានទាំងអស់កាលពីម្សិលមិញ ដោយបានបំផ្លាញអាកាសយានដ្ឋានចំនួន១១ និងបានដណ្តើមយកមូលដ្ឋានទ័ពអាកាសដែលមានចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រ ពីរដ្ឋធានីកណ្ដាល។ កងកម្លាំងរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានព្យាយាមដណ្តើមកាន់កាប់កោះ Serpent របស់អ៊ុយក្រែន ដែលស្ថិតនៅក្នុងសមុទ្រខ្មៅតិចជាង ៤០គីឡូម៉ែត្រពីសមាជិកណាតូ រ៉ូម៉ានី ខណៈពេលដែលការដណ្តើមគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលត្រូវបានប្រធានាធិបតីអ៊ុយក្រែនបានអះអាងថាគឺជាការប្រកាសសង្គ្រាមប្រឆាំងនឹងអឺរ៉ុបទាំងមូល៕