សម្តេចតេជោ ចូលរួមគោរពវិញ្ញាណក្ខន្ត លោក សុខ សារឿន ដែលជាមិត្តរួមអាវុធដ៏ស្មោះត្រង់ម្នាក់របស់សម្ដេច
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរន្ធត់តក់ស្លុត និងរំជួយចិត្តចំពោះការបាត់បង់លោកនាយកឧត្តមសេនីយ៍ សុខ សារឿន ដែលសម្ដេចថា ជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងជាអ្នកជួយយកអាសាបំផុតចំពោះសម្ដេចក្នុងសម័យសង្គ្រាម។
នារសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានចូលទៅគោរពវិញ្ញាក្ខន្តយុទ្ធមិត្តរបស់សម្ដេច ដែលជាការជូនដំណើរជាលើកចុងក្រោយដល់លោកនាយកឧត្តមសេនីយ៍ សុខ សារឿន ដែលធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ចាប់តាំងពីប្រទេសមានអសន្តិសុខ រហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញរហូតមកដល់ពេលបច្ចុប្បន្ន។
នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខពីសំណាក់សម្តេច ថ្នាក់ដឹកនាំគ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទបានចាត់ទុកថា ការបាត់បង់រដ្ឋលេខាធិការក្រសួងការពារពារជាតិ លោកនាយឧត្តមសេនីយ៍ សុខ សារឿន គឺជាការបាត់បងស្វាមី បិតា ជីតា ជាទីស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញ ទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់លោកបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងលិខិតចូលរួមរំលែកទុក្ខនោះសរសេរថា៖ «រូបកាយរបស់ ឯកឧត្តម បានបាត់បងទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវិរភាពដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម នៅតែស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ»។
សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមភរិយាសម្តេចផ្ទាល់ សម្តេចសូមចូលរួមរំលែកនូវមរណទុក្ខនេះ ប្រកបដោយសមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមលំឱនកាយវាចាចិត្តឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃសពបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
លោកនាយឧត្តមសេនីយ៍ សុខ សារឿន គឺជាយុទ្ធមិត្តរួមជំនាន់ជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកបានទទួលមរណភាព កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្ន អដ្ឋិធាតុរបស់លោកនាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហាននៃកងយោធពលខេមរភូមិន្ទ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦កុម្ភៈ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល៕