ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រធានរដ្ឋសភាស្នើ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានទទួលជួបសម្តែងការគួរសមជាមួយលោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Bin YAAKOB) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍ ចំពោះវត្តមាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងបានចាត់ទុកដំណើរទស្សនកិច្ចនាពេលនេះនឹងរួមចំណែកបន្ថែមក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង៦០ឆ្នាំមកនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

ក្រៅពីការថ្លែងអំណរគុណចំពោះម៉ាឡេស៊ីដែលជួយគំាទ្រកម្ពុជានៅក្នុងការស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រទេសរហូតមក សម្តេចប្រធានរដ្ឋសភា បានស្នើដល់ភាគីម៉ាឡេស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពីប្រទេសម៉ាឡេស៊ី មកកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចបានស្នើសូមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពិនិត្យលទ្ធភាព បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ឋផលនៃជំនួបពិភាក្សាការងារនាព្រឹកមិញ ជាមួយសម្តេចនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីរីករាយដោយសងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសក្នុងក្រខណ្ឌអាស៊ាន។ រដ្ឋសភាវាយតំលៃខ្ពស់ចំពោះ រដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀងនិងអនុស្សរណៈនានា ជាមួយគ្នា សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរ បានធ្វើរួមគ្នា និងសូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ស្របតាមការវិវឌ្ឍន៍នៃសភាពការណ៍សកលលោកបច្ចុប្បន្ន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងម៉ាឡេស៊ី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក មានដូចជា AIPA និង IPU ជាដើមនោះ។

លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី។ នៅចុងបញ្ចប់ឯកឧត្តម នាយករដ្ឋមន្រ្តី បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្របណាមួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក