TOP NEWS: ដកសក្តិនគរបាលផ្កាយពីរ ដែលផឹកស៉ីច្រៀងសប្បាយល្មើសវិធានការបិទខ្ទប់បណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ
(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហត្ថលេខាដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អត្តលេខ ៧៣៥៥៧ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបង្គាប់ឱ្យសម្តេចតេជោ ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៥២ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
គួរបញ្ជាក់ផងដែលថា កាលពីរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក បាននាំគ្នីគ្នាផឹកស៉ី ច្រៀងលេងកំសាន្ត និងប៉ាតម្សៅយ៉ាងសប្បាយ បំពាននឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងខ្ពស់ក្នុងការកាត់ផ្តាច់ការរីករាលដាល់នៃវីរុសកូវីដ-១៩ ដែលកំពុងតែងផ្ទុះគួរឱ្យព្រួយបារម្ភ។