ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ ក្នុងវិស័យរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃអន្តរជាតិសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកស្រី ខៀវ សុផានី និងលោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីវគ្គ ដែលក្នុងមួយវគ្គមានរយៈពេលពីរថ្ងៃកន្លះ និងមានព្រះរាជអាជ្ញា និងចៅក្រមមកពី២៥ខេត្ត-រាជធានី សរុបចំនួន ៥០រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងពីរ ដោយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀននិងការអនុវត្តច្បាប់អន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជាលើកឡើងថា ការជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិគឺជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងធំៗជាច្រើនចំពោះការងារអភិរក្សជីវៈចម្រុះ។
លោកបន្តថា តុលាការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយអង្គការ WCS ប្តេជ្ញានឹងបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់ការជួញដូរសត្វព្រៃ និងកសាងនូវពិភពលោកមួយដែលសត្វព្រៃ និងមនុស្សអាចរស់នៅដោយសុខដុមរមនាជាមួយគ្នាបាន។
គួរឱ្យដឹងថា នេះគឺជាវគ្គបណ្តុះបណ្តាលលើកដំបូងដែលត្រូវបានរៀបចំជូនព្រះរាជអាជ្ញា និងចៅក្រមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងកសាងសមត្ថភាពដល់ព្រះរាជអាជ្ញា និងចៅក្រមឱ្យមានចំណេះដឹងមូលដ្ឋានបន្ថែម អំពីការជួញដូរសត្វព្រៃ និងពង្រឹងជំនាញក្នុងការកាត់ក្តីបទល្មើសជួញដូរសត្វព្រៃប្រកបដោយប្រសិទ្ធិភាព៕