រដ្ឋមន្ត្រីក្រសួងបរិស្ថាន អរគុណលោកស្រី Angelina Jolie ចំពោះការចូលរួមអភិរក្សធនធានធម្មជាតិនៅសំឡូត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងអំណរគុណចំពោះតារាភាពយន្តហូលីវូដ លោកស្រី Angelina Jolie ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនិងការសហការលើផ្នែកផ្សេងៗទៀត។
ការថ្លែងអំណរគុណនេះបានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងបរិស្ថាននឹងបន្តកិច្ចសហការ និងការគាំទ្រចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie។
តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ជាជំនួយអភិរក្សឧបត្ថម្ភដោយតារាភាពយន្ត Hollywood គឺលោកស្រី Angelina Jolie ដែលអភិរក្សដោយអង្គការក្រៅរដ្ឋាភិបាល អិមជេភី ។
លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
បើយោងតាមសារព័ត៌មាន People កាលពីខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា តារាសម្តែងស្រី Angelina Jolie មានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបង្កើតកម្មវិធីស្ត្រីដើម្បីឃ្មុំនៅតំបន់សំឡូតដែលលោកស្រីមានផ្ទះនៅទីនោះស្រាប់៕