ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាលើកទី២ ដើម្បីលើកទឹកចិត្តជនពិការកម្ពុជាទូទាំងប្រទេសបានបញ្ចេញសមត្ថភាពនិងទេព្យកោសល្យសិល្បៈដែលខ្លួនមាន។
តាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថេលខាដោយរដ្ឋលេខាធិការប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី ដោយអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះថា កម្មវិធីប្រឡងសំនៀងជនពិការនេះថា «កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាលើកទី២ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
រាជរដ្ឋាភិបាលបានកំណត់យកទីតាំងកម្មវិធីបើកនៅរាជធានីភ្នំពេញ កម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រនៅខេត្តព្រះសីហនុ និងកម្មវិធីផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប ដោយចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ និងគ្រោងបញ្ចប់មុនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។
កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាលើកទីមួយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៨ ដែលទទួលបានការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ឱ្យប្រមាណ ៥០៦លានរៀល ឬប្រមាណជិត១៣ម៉ឺនដុល្លារសម្រាប់ការរៀបចំកម្មវិធីនេះ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ដល់ជនមានពិការភាពដោយមិនមានការរើសអើង៕