ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីការបរទេស ថាកម្ពុជាក៏ជាអ្នករងគ្រោះពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងដោយបង្ហាញនូវការសោកស្ដាយចំពោះការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិនក្នុងដែនសមុទ្រចិនខាងត្បូងដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសនានាក្នុងតំបន់ក្នុងនោះក៏មានកម្ពុជាផងដែរ។

ថ្លែងអន្តរាគមន៍ក្នុងវេទិការថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា សមុទ្រចិនខាងត្បូង គឺពិតជាតំបន់មួយដែលមានសារសំខាន់ និងផលប្រយោជន៍ទំាងនេះលាយឡំគ្នាយ៉ាងជាក់ច្បាស់ និងប្រកបដោយគ្រោះថ្នាក់។ ប្រទេសដែលគួរជាអ្នកពាក់ព័ន្ធ គឺប្រទេសដែលកំពុងមានជម្លោះដណ្ដើមនូវអធិបតេយ្យភាពនៅផ្នែកណានោះនៃតំបន់សមុទ្រនេះ ទោះបីទឡ្ហីករណ៍ ខាងផ្នែកច្បាប់ និងប្រវត្តិសាស្រ្ដ ដែលគេលើកឡើងដើម្បីធ្វើជាអំណះអំណាងនៃការទាមទាររបស់គេនោះយ៉ាងណាក៏ដោយ។

ទោះបីកម្ពុជាមិនមានទំនាស់ណាមួយក្នុងដែលសមុទ្រនេះក៏ដោយក៏ត្រូវបានសហរដ្ឋអាមេរិកទាញចូលក្នុងបញ្ហានេះដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងការបរទេសបានដកស្រង់ប្រសាសន៍របស់លោក ប្រាក់ សុខុន យ៉ាងដូច្នេះថា៖ «ដោយសារតែអ្វីទំាងអស់ដែលប្រទេសចិនធ្វើនៅក្នុងតំបន់នេះ ត្រូវបានសហរដ្ឋអាមេរិកតាមដាន និងវិភាគយ៉ាងល្អិតល្អន់នោះ សូម្បីតែកិច្ចសន្យារវាងកម្ពុជា និងចិន នៅក្នុងការស្ដារជួសជុល និងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមនេះ ក៏បានក្លាយជាចំណុចកណ្ដាលនៃការចោទប្រកាន់ នៃការដាក់សម្ពាធរហូតដល់ការគម្រាមកំហែងផង។ ក្នុងខណៈដែលការងារជួសជុលមូលដ្ឋាននេះកំពុងដំណើរការនៅឡើយ គេបានចោទប្រកាន់យើងរួចទៅហើយថា បានផ្តល់ឱ្យប្រទេសចិននូវតំបន់ផ្ដាច់មុខនៅក្នុងមូលដ្ឋាននេះ»។

លោកបានបញ្ជាក់ក្នុងវេទិកាដែលមានរដ្ឋមន្ត្រីពីប្រទេសជាសមាជិកអឺរ៉ុប និងប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រមាណជាង ៣០ប្រទេសថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនអនុញ្ញាតឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះគឺបេសសកកម្មរក្សាសន្ដិភាព។

លោកថា មូលដ្ឋានជើងទឹករាម គឺជាមូលដ្ឋានជើងទឹកដ៏តូចមួយ ហ៊ុមព័ទ្ធទៅដោយសណ្ឋាគារ និងតំបន់ទេសចរណ៍។ មូលដ្ឋាននេះ គ្មានគោលដៅណាផ្សេងក្រៅពីការការពារដែនសមុទ្រ និងអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជានោះទេ។

លោកថា៖ «ក្នុងឋានៈជាប្រទេសអធិបតេយ្យ កម្ពុជាមានសិទ្ធគ្រប់យ៉ាងទាំងអស់នៅក្នុងការជ្រើសរើសមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីការពារប្រជាជាតិរបស់យើង ប៉ុន្តែយើង នឹងធ្វើការជ្រើសរើសមធ្យោបាយនោះដោយគោរពយ៉ាងម៊ឺងម៉ាត់បំផុតចំពោះរដ្ឋធម្មនុញ្ញរបស់យើង»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានដាក់នាយឧត្តមសេនីយ៍កម្ពុជា២រូបគឺអគ្គនាយកសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ លោក ចៅ ភិរុណ និងមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ ចូលក្នុងបញ្ជីខ្មៅ និងអនុវត្តន៍ច្បាប់ទណ្ឌកម្ម Global Magnitsky ដោយសារតែអាមេរិកមិនពេញចិត្តនឹងការវាយបំផ្លាញអាការជំនួយរបស់ខ្លួននៅមូលដ្ឋានទ័ពសមុទ្ររាមដោយភាគីកម្ពុជា។

ក្រោយការដាក់ទណ្ឌកម្មនេះទាំងក្រសួងការបរទេស និងក្រសួងការពារជាតិបានចេញមុខមកបញ្ជាក់ថាការរៀបចំនៅមូលដ្ឋានសមុទ្ររាមគឺជាការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររបស់ខ្លួនប៉ុណ្ណោះ និងបានបកស្រាយ បង្ហាញនូវតម្លាភាពជានិច្ចជាមួយអាមេរិករួចរាល់ហើយដែរ តែអាមេរិកនៅតែយកលេសនេះដើម្បីកៀបសង្កត់កម្ពុជាដដែលជាដដែលដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងការកេងចំណេញក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក