ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចក្រឡាហោម ចង់ដាក់បញ្ជូលការសិក្សាពីច្បាប់ចរាចរណ៍តាំងពីថ្នាក់មត្តេយ្យសាលាឡើង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញពីក្ដីបារម្ភចំពោះការស្លាប់ និងរបួសរបស់ពលរដ្ឋដោយសារគ្រោះថ្នាក់ចរាចរណ៍ សម្ដេចចង់ដាក់បញ្ជូលកម្មវិធីសិក្សាពីចរាចរណ៍ដល់កុមារដែលសិក្សាថ្នាក់មតេ្តយដល់វិទ្យាល័យដើម្បីបង្កើនការយល់ដឹង និងឱ្យពលរដ្ឋមានរៀបនៃការប្រើប្រាស់ផ្លូវតាំងពីតូច។

ថ្លែងក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងដោយឱ្យពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មត់ចត់ចំពោះអ្នកដែលបំពានច្បាប់ដោយគ្មានការយោគយល់ ឬលើកលែង។ សម្ដេចថាការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ជាវិធានការគន្លឹះក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យបន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងរបស់ពលរដ្ឋលើច្បាប់ចរាចរណ៍បន្ថែមទៀត។ សម្ដេចក៏ជំរុញឱ្យពិនិត្យឡើងវិញពីការបញ្ចូលខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោកទៅក្នុងកម្មវិធីសិក្សាផងដែរ។

សម្ដេចមានប្រសាសន៍ថា៖ «យើងយកចិត្តទុកដាក់ការផ្សព្វផ្សាយអប់រំពីរឿងចរាចរណ៍នេះគឺក្នុងប្រព័ន្ធអប់រំទាំងមូល បានន័យថាតាំងពីក្រោមរហូតដល់ចប់ ឬក៏យ៉ាងហោចណាស់ពីក្រោមចង់និយាយថាតាំងពីមតេ្តយ្យតែទៅដល់ថ្នាក់លើខ្ពស់ៗបានន័យថាក្មេងជានិស្សិត យុវជនជានិស្សិត រួចហើយនោះមិនចាំបាច់ប្រើពេលដើម្បីសិក្សាច្បាប់ហ្នឹងក៏សឹងថាបានដែរ។ ព្រោះពេលហ្នឹងពិតជាមានការភ្ញាក់រលឹកមានការយល់ដឹងច្រើនជាង។ ប៉ុន្ដែនោះមតេ្តយ្យសាលា យើងត្រូវគិតពីបញ្ហាហ្នឹង»។

សម្ដេចក៏ជំរុញដល់ស្ថាប័នផ្សព្វផ្សាយទាំងអស់ចូលរួមជួយផ្សព្វផ្សាយឱ្យបានច្រើនដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហានេះ ជាពិសេសគឺអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានប្រាប់ EAC News ថាក្រសួងនឹងពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការឆ្លើយតបចំពោះអនុសាសន៍របស់សម្ដេចក្រឡាហោម។

លោកបន្ថែមថាបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយ:គណៈកម្មការអន្តរក្រសួងដើម្បីពង្រឹងការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមសាលារៀន ដែលវបានរៀបចំដាក់ក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ២០០៤មកម្លេះ។

លោកថា៖ «ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងអង្គការ HANDICAP INTERNATIONAL រៀបចំការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ២០០៤មកម៉្លេះ បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបពីមុនមក។ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំជាសៀវភៅ "ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក" តាំងពីថ្នាក់ទី១ ដល់ទី៩ ដែលយើងបានបោះពុម្ពផ្សាយតាំងពីឆ្នាំ២០០៦មក ហើយផ្សព្វផ្សាយជាបន្តបន្ទាប់»។

លោកបញ្ជក់ថា ក្រសួងបានបញ្ចូលកម្មវិធីសិក្សាពីចរាចរណ៍ពេញលេញទៅក្នុងសៀវភៅសិក្សាគោលដែលសិស្សកំពុងរៀនសព្វថ្ងៃពីថ្នាក់ទី១ ដល់ថ្នាក់ទី៦រួចហើយ។ ចំណែកឯមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ទី៩ នៅប្រើសៀវភៅបន្ថែម "ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក" បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបខ្លះពីមុន។

លោកបញ្ជាក់បន្ថែមថា៖ «សៀវភៅ "ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានទាំងសៀវភៅសិស្សនិងសៀវភៅគ្រូ។ ការបណ្តុះបណ្តាលគ្រូក៏បានចប់សព្វគ្រប់តាំងពីឆ្នាំ២០០៩»។

ចំពោះការអប់រំសុវត្ថិភាពចរាចរផ្លូវគោកសម្រាប់ថ្នាក់ទី១០ ដល់១២ ធ្វើឡើងជា "វេទិកាផ្សព្វផ្សាយ " ដោយសហការទាំង៣ភាគីខាងលើដដែល។ ក្រសួងប្រើ "វេទិកាផ្សព្វផ្សាយការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក"។ ឯកសារដែលប្រើក្នុងវេទិកាមានអនុក្រឹត្យ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឯកសារណែនាំរបស់ក្រសួង និងឯកសារពាក់ព័ន្ធផ្សេងទៀត។

បើតាមលោក រស់ សុវាចា បច្ចុប្បន្នក្រសួងកំពុងអភិវឌ្ឍដាក់បញ្ចូលកម្មវិធីសិក្សានេះដាក់បញ្ចូលបន្ថែមទៅក្នុងមុខវិជ្ជាសិក្សាសង្គម និងបានចេញសេចក្តីណែនាំបន្ថែម១ទៀតទៅលើការពង្រឹងការអនុវត្តការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមសាលារៀនទូទាំងប្រទេសហើយបានផ្សព្វផ្សាយហើយដែរ។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៦៧០លើក ថយចុះ១៦ភាគរយ បានសម្លាប់មនុស្ស ១ ៤៩៧នាក់ ថយចុះ១៤៩នាក់ និងរបួស ៣ ៦១៥នាក់ ថយចុះ ១ ០៧១នាក់ បើធៀបនឹងឆ្នាំ២០២០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក