ភ្នំពេញ : នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនបុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ឧសភា ដឹកតាមរថយន្តទៅកាន់ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី បន្ទាប់ពីបុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រួចរាល់។
យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល តែបើមានការចម្លងដល់អ្នកដទៃនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំជាមិនខាន។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តទៀតថាបុរសខាងលើបានព្យាយាមរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នាកាលពីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បន្ទាប់ពីបានទទួលការស្នើសុំឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់នោះនៅចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ការពារមេរោគនិងឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ-១៩នោះភ្លាមៗ តែម្តង។
អាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕