ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោអំពាវនាវឱ្យពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាលដើម្បីសម្រេចចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជំរុញដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

សារលិខិតរបស់សម្តេចតេជោក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២២ សម្តេចតេជោបានលើកឡើងថា សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវ សោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមានពីមុនមកនិងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។

ក្នុងឱកាសនេះ សម្តេចបានអំពាវនាវឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋ។ អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន និងអំពាវនាវដល់ប្រទេសម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីនផងដែរ។

សម្តេចក៏អំពាវនាវដល់ពលរដ្ឋ បើសិនឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងហាមទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកនេះជាដើម។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៧ ៣២២ ៥៣៦ នាក់។ មីនប្រឆាំងមនុស្ស ចំនួន ១ ១១៨ ៦៩៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ បញ្ចូលទាំងគ្រាប់បែកចង្កោម ចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក