ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ប្រាក់ សុខុន៖ ពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ

បារាំង៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ថាក្នុងតួនាទីជាប្រធានអាស៊ាន កម្ពុជាយល់ ថា ពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ខណៈបញ្ហាស្មុគស្មាញជាច្រើនកំពុងញាំញីពិភពលោក។

ថ្លែងក្នុងវេទិការ «រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក» នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្តៅក្នុងតំបន់ដ៏ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ។

លោកបានសម្តែងការពេញចិត្តចំពោះការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនា។

លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចកាន់តែច្រើន នឹងកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរតំបន់បន្ថែមទៀត»។

លោកបានសាទរចំពោះការបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយរវាងអាស៊ាន-សហភាពអឺរ៉ុប ហើយទន្ទឹងរង់ចាំការសម្រេចបាននាពេលអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាព អឺរ៉ុបផងដែរ។

ក្នុងឱកាសនោះលោក ក៏បានចែករំលែកនូវគោលគំនិតអាស៊ានក្នុងការរៀបចំទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដោយជឿជាក់ថា ទស្សនវិស័យនេះ អាចជាវេទិកាដើម្បីសម្រួលដល់ការបំពេញបន្ថែមក្នុងចំណោមកំណែទម្រង់ផ្សេងៗនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី សម្រេចបាននូវគោលបំណងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាពជូនប្រជា-ពលរដ្ឋ។

ក្រៅពីនោះលោកក៏បានជម្រាបវេទិការអន្តរជាតិនេះបន្ថែមទាក់ទិននឹងបញ្ហាកង្វល់នានាស្តីពីសន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ាន ដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម។

សម័យប្រជុំពេញអង្គត្រូវបានបន្តដោយកិច្ចប្រជុំតុមូលចំនួនបីស្តីពីការតភ្ជាប់ និងបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមជាសកល (អាកាសធាតុ ជីវចម្រុះ មហាសមុទ្រ សុខភាព) និងបញ្ហាសន្តិសុខ និងការពារជាតិ។ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលស្តីពីសន្តិសុខ និងការពារជាតិ ដោយក្នុងនោះបានរំលឹកឡើងវិញនូវគោលជំហររបស់កម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ។

វេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំនួនប្រមាណ ៣០។ នៅក្នុងសម័យប្រជុំពេញអង្គ ថ្នាក់ដឹកនាំបានពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលស្តែងចេញពីទស្សនៈរបស់សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។

ថ្នាក់ដឹកនាំក្នុងកិច្ចពិភាក្សាបានសម្តែងនូវក្តីបារម្ភរួមគ្នាពីទស្សនៈគោលពីរនៃពិភពលោកដែលអាចនាំ ទៅដល់ការប្រឈមមុខគ្នា ការប្រកួតប្រជែងគ្នា និងភាពតានតឹង។ ថ្នាក់ដឹកនាំទាំងនោះបានស្នើថា មានចំណុចដែលអឺរ៉ុប និងបណ្តាប្រទេសនានាក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិកអាចរួមដៃគ្នាដើម្បីផ្តល់ជម្រើសនៃរបៀបរៀបរយក្នុងតំបន់ ដែលមានលក្ខណៈពហុភាគី ផ្អែកលើច្បាប់ និងបើកចំហសម្រាប់ផលប្រយោជន៍នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។

ក្នុងន័យនេះ អាស៊ានត្រូវបានទទួលស្គាល់ថាជាតួអង្គកណ្តាលមួយនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយថ្នាក់ដឹកនាំដែលចូលរួម បានលើកទស្សនៈឡើងថា អាស៊ាន និងអឺរ៉ុបគួរតែខិតខំប្រឹងប្រែងដើម្បីស្វែងរកការបំពេញបន្ថែម និងការរួមបញ្ចូលគ្នារវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសក្នុងវិស័យសហប្រតិបត្តិការជាក់ស្តែង ដូចជា ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការស្តារសេដ្ឋកិច្ច សុវត្ថិភាពផ្នែកសុខភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការការពារជីវចម្រុះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក