អូស្រ្តាលី៖ រដ្ឋវ៉ិចតូរៀ (Victoria) ប្រទេសអូស្រ្តាលី ដែលជារដ្ឋមានប្រជាជនច្រើនបំផុតលំដាប់ទី២ក្នុងប្រទេស បានប្រកាសអនុវត្តការបិទខ្ទប់ (Lockdown) រយៈពេល ១សប្តាហ៍ ដើម្បីទប់ស្កាត់ការហក់ឡើងយ៉ាងគំហុកនៃអត្រាអ្នកឆ្លង COVID-19 ថ្មីក្នុងទីក្រុងម៊ែលប៊ន (Melbourne)។ ការអនុវត្តការបិទខ្ទប់មួយសប្តាហ៍នេះ នឹងចាប់ផ្តើមពីវេលាពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍នេះតែម្តង។
រហូតមកទល់ពេលនេះ អាជ្ញាធរក្នុងតំបន់បានរកឃើញករណីឆ្លងថ្មីចំនួន ២៦ ហើយគេជឿជាក់ថាបានសាយភាយទៅកាន់ទីតាំងប្រហែល ១៥០តំបន់ទៅហើយ។ ការរកឃើញករណីឆ្លងថ្មីនេះ ត្រូវបានប្រជាពលរដ្ឋក្នុងតំបន់សម្តែងនូវការព្រួយបារម្ភជាខ្លាំង ខណៈអូស្រ្តាលីធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយរលកទី២ នៃវីរុសកូវីដ-១៩ កាលពីឆ្នាំមុន។
រដ្ឋមន្រ្តីជាន់ខ្ពស់ស្តីទីរបស់រដ្ឋវ៉ិចតូរៀ លោក James Merlino បាននិយាយថា៖ "ប្រភេទវីរុសថ្មីដែលយើងរកឃើញនៅពេលនេះ គឺមានខ្សែស្រឡាយទៅនឹងប្រភេទវីរុស B.1.617 រកឃើញទៅលើអ្នកដំណើរមកពីក្រៅប្រទេស។ អ្វីដែលយើងកត់សម្គាល់បាននាពេលនេះ គឺវីរុសថ្មីដែលរកឃើញមានការរាតត្បាតខ្លាំង និងលឿនជាងអ្វីដែលពួកយើងធ្លាប់បានកត់ត្រាទុកកន្លងមក"។
មន្រ្តីជាន់ខ្ពស់ដដែលក៏បានបន្តថា អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះគឺ វីរុសនេះក៏ត្រូវបានគេដឹងថាបានចូលទៅតំបន់ដែលមានមនុស្សច្រើនកុះកររួចទៅហើយ តួយ៉ាងដូចជាការប្រកួតបាល់ទាត់ដ៏ធំមួយនៅកីឡដ្ឋានទីក្រុងម៊ែលបន និងទីកន្លែងសំខាន់ៗជាង ១៥០ផ្សេងទៀត ដែលចាំបាច់ទាមទារឱ្យអាជ្ញាធររដ្ឋមានសកម្មភាពទប់ស្កាត់ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន៕
ប្រភព៖ BBC