ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីស្រាយបំភ្លឺរបស់ ក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ជុំវិញការផ្សាយរបស់ NK News ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចុះផ្សាយថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ដោយ NK News យោងតាមសេចក្តីព្រាងរបាយការណ៍ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃអង្គារនេះ UNSC បានលើកឡើងពី ការខកចិត្តយ៉ាងខ្លាំង ចំពោះការបែកធ្លាយនូវរបាយការណ៍របស់គណៈកម្មការ (Panel) ដែលនឹងត្រូវបញ្ចប់នៅពេលខាងមុខ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយគ្មានការអនុញ្ញាត។ របាយការណ៍នៅតែត្រូវបានរក្សាជាការសម្ងាត់ នឹងនៅជាសេចក្តីព្រាងនៅឡើយ ស្ថិតនៅក្រោមការត្រួតពិនិត្យដោយរដ្ឋសមាជិកនៃគណៈកម្មាធិការ ១៧១៨ មុនពេលដាក់ស្នើជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅចុងសប្តាហ៍ក្រោយ។
UNSCបានលើកឡើងថា៖ «មិនមាននរណាម្នាក់នៅក្នុងគណៈកម្មការ បាននិយាយជាមួយអ្នកសារព័ត៌មានអំពីខ្លឹមសារនៃរបាយការណ៍ចុងក្រោយរបស់យើងនោះទេ ហើយយើងក៏មិនបានចែករំលែកផ្នែកណាមួយនៃរាបាយការណ៍នេះជាមួយអ្នកសារព័ត៌មានដែរមិនអាចផ្សព្វផ្សាយជាសាធារណៈនូវផ្នែកណាមួយនៃសេចក្តីព្រាងរបាយការណ៍របស់យើងបានទេ រហូតដល់វាត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ទោះបីយ៉ាងណាក៏ដោយ UNSC បានបញ្ជាក់ច្បាស់ថា ខ្លឹមសារនៃរបាយការណ៍ដែលកម្ពុជាបានប្រាប់ទៅគណៈកម្មការអំពីលោក គឹម ចុលសុក (ចារកម្មកូរ៉េខាងជើង) និងសកម្មភាពរបស់គាត់ ក៏ដូចជាការស៊ើបអង្កេត និងវិធានការនានាដែលកម្ពុជាបានអនុវត្ត ក្នុងន័យច្បាស់លាស់ និងត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសបានចេញសេច្ដីការប្រកាសព័ត៌មានមួយបញ្ជាក់ថា គ្មានអាជីវកម្មកូរ៉េខាងជើងណាមួយត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាពនៅកម្ពុជាទេតាំងពីឆ្នាំ២០១៨មក។
ក្នុងសេចក្ដីបំភ្លឺនោះបានបញ្ជាក់ថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំពោះកិច្ចអន្តរក្រសួង ដើម្បីធ្វើការត្រួតពិនិត្យរាល់ឯកសារ និងការស៊ើបអង្កេតលើបណ្តាក្រុមហ៊ុន និងអាជីវកម្មរបស់ គណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (សបបក) ។ ក្រុមការងារចំពោះកិច្ចអន្តរក្រសួង បានរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ចំនួនប្រាំបួនដងដែលបានធ្វើជាសហប្រធានដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការសម្រេចលើវិធានការជាក់ស្តែង ដើម្បីអនុវត្តស្របតាមប្រភេទទណ្ឌកម្មផ្សេងៗ ដូចមានចែងក្នុងសេចក្តីសម្រេចរបស់ UNSC ។ ជាលទ្ធផល គណនីធនាគារចំនួនប្រាំពីរ នៅក្នុងស្ថាប័នហិរញ្ញវត្ថុពីរផ្សេងគ្នាត្រូវបានបិទចាប់តាំងពី ឆ្នាំ២០១៧ មក។ កម្ពុជាបានបិទគ្រប់អាជីវកម្មរបស់ ស.ប.ប.ក ទាំងអស់ រួមទាំងភោជនីយដ្ឋាន និងសារមនី្ទរដែលធ្វើប្រតិបត្តិការនៅកម្ពុជា»។
នៅឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ក៏បានលុបឈ្មោះក្រុមហ៊ុន Glory Worldwide Glow Co. Ltd របស់ ស.ប.ប.ក ចេញពីបញ្ជីពាណិជ្ជកម្ម និងបានស្រាវជ្រាវក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ខ្លួនដោយរកឃើញក្រុមហ៊ុនចំនួន១២ រួមទាំងក្រុមហ៊ុន Mansudae New Tech Corporation Ltd, ផងដែលបានជាប់ពាក់ព័ន្ធជាមួយ ស.ប.ប.ក ផងដែរ៕