ក្រចេះ៖ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានព្រះបន្ទូលសង្កត់ធ្ងត់ថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែមានភាពរឹងមាំ និងមានការគាំទ្រពីប្រជារាស្ត្រខ្មែរ។ ព្រះអង្គសន្យាថានឹងដឹកនាំគណបក្សហ៊្វុនស៊ុនប៉ិចឱ្យរុងរឿង និងមានប្រជាប្រិយភាពឡើងវិញ។
ព្រះអង្គថ្លែងបែបនេះក្នុងពេលយាងចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធ ខេត្ត ស្រុក ឃុំ ទូទាំងខេត្តក្រចេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
មានព្រះបន្ទូលទៅកាន់អង្គពិធី ព្រះអង្គម្ចាស់ព្រះប្រធានគណបក្ស បានថ្លែងការកោតសរសើរ និងអំណរគុណចំពោះទឹកចិត្តសហជីវិន សហជីវិនី ដែលបានចូលរួមបំរើយ៉ាងសកម្មជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ ក្នុងព្រះឋានៈ ជាព្រះប្រធានគណបក្ស ព្រះអង្គនឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចឱ្យរុងរឿង មានប្រជាប្រិយ៍ភាព ដើម្បីគណបក្សទទួលបានការគាំទ្រសារជាថ្មី។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូលសង្កត់ធ្ងត់ថា៖ «គណបក្សហ៊្វុនស៊ិនប៉ិច នៅតែមានភាពរឹងមាំ ទូទាំងប្រទេស ទាំងរចនាសម្ព័ន្ធ និងការគាំទ្រពីប្រជារាស្ត្រខ្មែរ»។
គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់ជាដៃគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តាំងពីការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ ទោះជាយ៉ាងណាដោយសារការបែកបាក់ផ្ទៃក្នុងបក្សបានធ្វើឱ្យគណបក្សដែលជាគូរប្រកួតប្រជែងធំរបស់គណបក្សប្រជាជនមួយនេះបាត់បង់ការគាំទ្រជាបន្តបន្ទាប់។ ទទួលបាន ៤៣អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ឈ្នះបាន ២៦អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ និង២អាសនៈនៅឆ្នាំ២០០៨ ក្រោយមកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៨ចុងក្រោយគឺមិនទទួលបានអាសនៈណាមួយនោះទេ៕