ប៉ៃលិន៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានកត់សម្កាល់ថា ខេត្តប៉ៃលិនបានប្រែខ្លួនពីទីតាំង និងសមរភូមិក្តៅ មកជាតំបន់ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកស្រីថ្លែងបែបនេះក្នុងពេលចុះសម្ពោធឱ្យប្រើប្រាស់ដងទង់សាសនាកំពស់ ២១ម៉ែត្រក្នុងខេត្តប៉ៃលិននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ថ្លែងក្នុងពិធីលើកទង់ និងដាក់សម្ពោធដងទង់សាសនាប្រើប្រាស់ជាផ្លូវការ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន លោកស្រី ម៉ែន សំអន បានលើកឡើងថា ជីវភាពពលរដ្ឋក្នុងខេត្តប៉ៃលិនត្រូវបានលើកតម្កើនជាកម្រិត ស្របពេលដែលមានរោងចក្រ សហគ្រាស ក្រុមហ៊ុនតូចធម និងសេដ្ឋកិច្ចតាមព្រំដែនរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកស្រីបន្ថែមថា ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់សន្ដិភាពដោយសារមានកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្រួបបង្រួមជាតិទាំងស្រុងនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈ ការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ។
លោកស្រីបានថ្លែងជំរុញដល់ពលរដ្ឋឱ្យចូលរួមជាមួយរដ្ឋាភិបាលក្នុងយុទ្ធនាការនានារបស់រដ្ឋាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវនាំគ្នាការពារខ្លួនតាមវិធានការសុខាភិបាល និងទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងលើកឡើងជារឿយៗពីបំណងធ្វើឱ្យតំបន់ព្រំដែនក្លាយជាតំបន់សន្ដិភាព មិត្តភាព និងការអភិវឌ្ឍន៍។
ក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកថៃលោក ណារ៉ិងផាន់ ជិតកែវធែ សម្ដេចតេជោ ហ៊ុន បានគូសបញ្ជាក់ថាដើម្បីប្រែក្លាយព្រំដែនជាតំបន់មានសន្ដិភាព និងការអភិវឌ្ឍន កងទ័ពគប្បីដើរតួនាទីជាកងទ័ពការទូត រក្សាសន្ដិភាពស្ថេរភាព ធ្វើឱ្យប្រជាជនតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្ម៕