ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយថ្នាំព្យាបាលជំងឺកូវីដ-១៩ Molnupiravir ដោយគ្មានលេខបញ្ជិកាក្រសួង
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការចែកចាយ និងលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ Molnupiravir ដោយគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានអោយដឹងថាក្រសួងសុខាភិបាលឃើញមានការចែកចាយ និងផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ពុំមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល មានឈ្មោះ MERIPIR 400mg និង200mg ថ្នាំឈ្មោះ MOLUZEN 800 ថ្នាំMOLAZ ថ្នាំMolenvir 200 ថ្នាំ MOLUZIR-US ថ្នាំMPIRAVIR 200mg ថ្នាំMolnupiravir Tablets 200mg និងMOLLINHEET គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងស្នើដល់ ប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទឱ្យពិនិត្យ មើលលតាបត្របច្ឆិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្អែក ១-ផ្នែកខាងលើមាន ឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា។
បន្ថែមលើពីនេះ ក្រសួងសុខាភិបាលបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Molnupiruvir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាខាងលើ ជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងព្រមានថា៖ «ចំពោះជនណាដែលចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មាន លេខទិដ្ឋាការ ឬបច្ឆិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ឱសថ ខាងលើនេះជាបន្ទាន់»។
ក្រសួងសុខាភិបាលនិងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថដែលគ្មាន លេខទិដ្ឋាការ ឬបច្ឆិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕