ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនរួបរួម ឬនិយាយគ្នាជាមួយក្រុមអ្នកដែលប្រមាថក្រុមគ្រួសារសម្ដេចជាដាច់ខាត និងថាទោះបីធ្វើសង្គ្រាមជាមួយពួកនេះក៏សម្ដេចត្រូវធ្វើដែរ។ សម្ដេចចាត់ទុកការប្រមាថថា ប្រពន្ធសម្ដេចជាប្រពន្ធអ្នកដទៃ ហើយកូនសម្ដេចជាកូនអ្នកដទៃជាការប្រមាថដែលហួសពីការទទួលយកបាន។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះសម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចអាចទទួលយកបាននូវការវាយប្រហារនានា តែថាមិនអាចទទួលយកបាននោះទេនៅពេលការវាយប្រហារនោះបានយកក្រុមគ្រួសារសម្ដេចធ្វើជាការវាយប្រហារ។
សម្ដេចតេជោបានប្រកាសថា៖ «អ្នកឯងចោទប្រពន្ធខ្ញុំថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម កូនរបស់ខ្ញុំជាកូនមេដឹកនាំវៀតណាម។ បើខ្ញុំមិនប្រតិកម្មខ្ញុំមិនមែនជាមនុស្សទេ! អញ្ចឹងបានខ្ញុំប្រាប់មេដឹកនាំមួយចំនួនថាខ្ញុំអត់ទទួលបានទេរឿងហ្នឹង កន្លែងហ្នឹងមួយបើអ្នកឯងមិនធ្វើអ្នកឯងមិនប៉ះប៉ូវឱ្យខ្ញុំ។ ទោះបីជាតិក្រោយចាំជាតិក៏ត្រូវប្រយុទ្ធគ្នានាពេលនោះ មិនអាចទទួលយកការប្រមាថបែបនេះបានទេ! […] មិត្តភក្តិបរទេសទាំងឡាយត្រូវយល់ ហ៊ុន សែន មិនអនុញ្ញាត ហ៊ុន សែន មិនយល់ព្រមជាមួយនឹងការប្រមាថបែបនេះនោះទេ។ ខ្ញុំអាចហៅខ្មែរក្រហមចូលមកស៊ីបាយនៅផ្ទះជាមួយខ្ញុំ តែខ្ញុំមិនអាចទទួលយកអាប្រមាថធុននេះមកនិយាយជាមួយខ្ញុំបានទេ»។
សម្ដេចតេជោ ប្រាប់ទៅអ្នកណាក៏ដោយកុំឱ្យនិយាយរឿងឱ្យសម្ដេចរួបរួមជាមួយក្រុមដែលធ្លាប់ប្រមាថក្រុមគ្រួសារសម្ដេចនេះឱ្យសោះព្រោះថាគ្មានន័យនោះទេ។
សម្ដេចតេជោ បានរៀបអាពាហ៍ពិពាហ៍ជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងសម័យខ្មែរក្រហម។ ទោះជាយ៉ាងណាដើម្បីសង្គ្រោះជាតិមាតុភូមិសម្ដេចតេជោ បានចាកចេញពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅក្នុងថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលបានបែកគ្នារហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ និងបានតស៊ូការលំបាកជាមួយគ្នារហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោ អាចចាត់ទុកជាអ្នកស្រលាញ់គ្រួសារម្នាក់ដោយជារឿយៗតែងតែឃើញសម្ដេចបង្ហោះនៅលើបណ្ដាញសង្គមអំពីក្រុមគ្រួសារ ដូចជាការធ្វើខួបកំណើតជូនភរិយា ការបង្ហោះរូបភរិយា និងការតែងសៀវភៅពីជីវិតស្នេហារវាងសម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតធ្វើជាអនុស្សាវរីយ៍ផងដែរ៕