ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាប្រសិនជាកូនសម្ដេចបន្ទាប់ពីបានធ្វើជានាយករដ្ឋមន្ត្រីធ្វើអំពើអាក្រក់ឱ្យខូចខាតប្រយោជន៍គណបក្សប្រជាជន និងប្រជាជនកម្ពុជានោះសម្ដេចប្រកាសថានឹងមិនបន្តគាំទ្រទៀតនោះទេ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្ដុះបណ្ដាលលោក ហ៊ុន ម៉ាណែត គឺសម្ដេចមានផែនការសម្រាប់ឱ្យលោកប្រជែងធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនាពេលអនាគត។ ទោះជាយ៉ាងណាសម្ដេចប្រកាសថានឹងមិនបន្តគាំទ្រទេ ប្រសិនជាលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសមិនល្អ ធ្វើឱ្យខូចខាតប្រយោជន៍ជាតិ ប្រជាជន និងបក្សប្រជាជននោះ។
សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា៖ «រឿងអីកូនគេធ្វើបាន អ្នកដទៃធ្វើបាន ឯកូនខ្ញុំទទួលបានការបណ្ដុះបណ្ដាលប៉ុហ្នឹងដែរធ្វើមិនបាន! ប៉ុន្ដែខ្ញុំសុំបញ្ជាក់ ប្រសិនជាកូនខ្ញុំវាធ្វើអំពើអាក្រក់ ខ្ញុំមិនអាចនឹងគាំទ្រវាបានទេ! និយាយឱ្យច្បាស់ ខ្ញុំមិនអាចឱ្យគណបក្សប្រជាជនត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនទុកឱ្យប្រជាពលរដ្ឋត្រូវបំផ្លាញដោយស្នាដៃកូនរបស់ខ្ញុំទេ»។
គួររំលឹកផងដែរថា ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនបានសម្រេចជាផ្លូវការបោះឆ្នោតសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត បន្តពីសម្ដេចតេជោ ហ៊ុន សែន។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕