ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្មានការបិទទីក្រុងទៀតទេ ខណៈមានការលើកឡើងជាច្រើនថាកម្ពុជាអាចនឹងមានការបិទខ្ទប់ទៀតនោះ។
ថ្លែងនៅក្នុងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារមានការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។
សម្តេចបានថ្លែងថា៖ «ឧទាហរណ៍កាលពីមុន ក្នុងផ្សារឆ្លង ត្រូវបិទផ្សារ តែឥឡូវគឺបិទតែតូបឆ្លង ហើយបាញ់ថ្នាំហើយដំណើរការធម្មតាហើយមិនអនុវត្តវិធានការបិទខ្ទប់នោះទេ»។
សម្តេចបន្តថា៖ «ខ្ញុំសូមបញ្ចប់ពាក្យចចាមអារ៉ាម ដែលថានឹងមានការបិទក្រុង បិទខេត្តជាថ្មី! ការសម្រេចចិត្តបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីលើកមុន គឺជាការសម្រេចដ៏លំបាក ប៉ុន្តែត្រឹមត្រូវ ព្រោះពេលហ្នឹងយើងមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ ដោយឡែកពេលនេះគឺយើងបានចាក់វ៉ាក់សាំងគ្របដណ្តប់ពេញផ្ទៃប្រទេសហើយ ដូច្នេះមិនមានមូលហេតុអ្វីដែលត្រូវបិទទៀតនោះទេ»។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២១ កន្លងទៅនេះដោយសារតែព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កម្ពុជាបានបង្ខំចិត្តបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតលក្ខណៈទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ចំណែកឆ្នាំនេះបើទោះបីជាមានករណីឆ្លងមេរោគបំលែងថ្មីអូមីក្រុងក្នុងសហគមន៍ក៏ពិតមែន សម្តេចតេជោបានបញ្ជាក់ហើយថាមិនមានការបិទខ្ទប់ទៀតនោះឡើយ៕