វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដរាបណាទីក្រុងមូស្គូមិនឈ្លានពានអ៊ុយក្រែននោះ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកប្តេជ្ញាបន្តការទូតជាមួយរុស្ស៊ី បើសិនមិនមានការវាយប្រហារណាមួយនោះ។
លោកស្រីបានបន្ថែមថា៖ «យើងក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីជំនួសមកវិញនូវសង្គ្រាម។ ហើយបច្ចុប្បន្ន រុស្ស៊ីហាក់ដូចជាកំពុងបន្តការត្រៀមលក្ខណៈសម្រាប់ការវាយលុកទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ»។
មហាអំណាចលោកខាងលិចក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីការពារសង្រ្គាមអឺរ៉ុបបន្ទាប់ពីការ កសាងកងទ័ពរុស្ស៊ីយ៉ាងច្រើន នៅតាមព្រំដែនអ៊ុយក្រែន៕