កោះកុង : នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុងបានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន០៧នាក់ ក្នុងនោះមានស្រី០៣នាក់បន្ថែមទៀតដែលជាប់ពាក់ព័ន្ធទៅនឹងបុរសឈ្មោះ ម៉ន សុខម៉េង អាយុ១៩ឆ្នាំជាកម្មកររោងចក្រធ្វើចំណីសត្វ (អាយ តាវ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមលទ្ធផលតេស្ត(PCR)មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid Test)។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តកោះកុង បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕