សៀមរាប៖ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបបានចូលរួមចាប់ត្រីរួមគ្នានៅក្នុងបឹងបុរាណនៅក្នុងតំបន់ សម្រាប់ត្រៀមធ្វើម្ហូបនៅក្នុងពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ដែលរក្សាបានទាំងទំនៀមទម្លាប់និងការចូលរួមអភិរក្សធនធានធម្មជាតិ។
យោងតាមការចុះផ្សាយរបស់អាជ្ញាធរអប្សរា ក្រោយពីបញ្ចប់ការងារច្រូតកាត់ ប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រី សម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតារៀងរាល់ខែមាឃ តាមទម្លាប់មិនដែលអាក់ខាន។ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។
លោកមេភូមិ ពេជ្រ ឃិន បានឱ្យអាជ្ញាធរអប្សរា ដឹងថាពិធីចាប់ត្រីឡើងមាឃ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ១កើត ខែមាឃ តែត្រូវពន្យារពេលមកដល់៥រោច ខែមាឃនេះវិញ មូលហេតុទឹកក្នុងបឹងច្រើន ថែមទាំងមានភ្លៀងកក់ខែថែមទៀត ដែលនាំឱ្យពិបាកក្នុងការចាប់ត្រី ដោយការនេសាទប្រើតែឧបករណ៍បុរាណសុទ្ធសាធ។ លោកឱ្យដឹងទៀតថា ឆ្នាំនេះត្រីក្នុងបឹងសម្បូរ ហើយប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមអភិរក្សកាន់តែបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ គណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។
ជំនួសការហ៊ុសម្រាស់ នៅឆ្នាំនេះគណៈកម្មការរៀបចំកម្មវិធីបានសម្រេចជីកស្រះមួយនៅក្នុងផ្ទៃបឹងដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ជាដើមនៅក្នុងពីធីឡើងមាឃ ដោយឡែក ត្រីដែលរកបានពីបឹងប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារ។ លោកមេភូមិបញ្ជាក់ថា រាល់ឆ្នាំត្រីចាប់រួមបានមិនក្រោមមួយរយគីឡូនោះឡើយ និងអនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោងបានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។
គួរឲ្យដឹងថា ការប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតានេះ គឺក្នុងបំណង ដើម្បីសុំសេចក្តីសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការធ្វើកសិកម្ម ដីមានជីវជាតិឱ្យកើតស្រូវកើតអង្ករ និងសម្តែងនូវសេចក្តីអំណរគុណដល់អ្នកតាដែលបានធ្វើតាមសំណូមពរកាលពីចាស់ បានផ្តល់ទឹកភ្លៀង ដីមានជីវជាតិ បានភោគផលល្អ។ ពិធីនេះ ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឃ និងពេលរសៀល មានរៀបចំជាគ្រឿងសក្តារៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕