
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យអង្គភាពទាំងអស់ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ លើមន្ត្រីរបស់ខ្លួន
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាដល់អង្គភាពចំណុះចាប់ផ្តើមអនុវត្តការធ្វើតេស្តរហ័សលើមន្ត្រីរបស់ខ្លួនជាបន្ទាន់ ពេលពិនិត្យឃើញវិជ្ជមានត្រូវណែនាំឲ្យទៅធ្វើតេស្តម៉ាស៊ីន PCR ។ ទន្ទឹមនេះត្រូវស្វែងរកអ្នកពាក់ព័ន្ធ និងចាត់ចែងបញ្ជូនបុគ្គលដែលវិជ្ជមាន ឲ្យទៅព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបន្តការតាមដានអំពីស្ថានភាពមន្ត្រីរបស់ខ្លួនរហូតជាសះស្បើយ។
ក្នុងសេចក្ដីណែនាំចុះថ្ងៃទី២១ ខែកុម្ភៈនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីការពារអាយុជីវិត និងនិរន្តរភាពការងាររបស់ស្នងការដ្ឋាននគរបាល ខណៈមានជំងឺកូវីដ-១៩ បំប្លែងអូមីក្រុងកំពុងរីករាលដាលក្នុងសហគមន៍ ដោយបញ្ជាដល់ស្នងការរងផែនការងារភស្ដុភារនិងហិរញ្ញវត្ថុ ត្រូវលើកផែនការទិញឧបករណ៍តេស្តរហ័ស ថ្នាំពេទ្យ ម៉ាស់ អាកុល ជែល ទឹកថ្នាំសម្លាប់មេរោគ ដើម្បីផ្គត់ផ្គង់ បែងចែកទៅអង្គភាព ដែលប្រឈមនិងហានិភ័យនិងមានការខ្វះខាត។
ស្នងការដា្ឋននគរបាលរាជធានីភ្នំពេញបន្ថែមទៀតថា៖ «ប្រធានអង្គភាពត្រូវម្ចាស់ការកៀរគរសប្បុរសជនឲ្យចូលរួម ជួយឧបត្ថម្ភឧបករណ៍ តេស្ដរហ័ស ឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ ជែល អាកុល ម៉ាប់ អាវការពារ ថ្នាំពេទ្យយកមក ផ្តល់ជូនមន្រ្តីក្នុងអង្គភាពដើម្បីប្រើប្រាស់បំពេញការខ្វះខាតចំពោះមុខ»។
ក្រៅពីមានវិធានការនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បញ្ជាដល់អង្គភាពទាំងអស់ រៀបចំអាកុល ទឹកសម្លាប់មេរោគ ជែល ម៉ាស់ ដាក់នៅពីមុខកន្លែងចូលធ្វើការ កាត់បន្ថយការជួបជុំ បែងចែកវេនការងារ រក្សាវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវរាយការណ៍ពីបច្ចុប្បន្នភាពមន្ត្រីប្រចាំថ្ងៃជូនអគ្គស្នងការនគរបាលបាលជាតិដើម្បីជូនជ្រាប និងទទួលអនុសាសន៍ណែនាំ៕