កំពត : នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន០៧នាក់ ក្នុងនោះ៤នាក់ មានទីលំនៅសព្វថ្ងៃ ភូមិកាន់ទ្រង់ ឃុំតានី ស្រុកអង្គរជ័យ និង៣នាក់ មានទីលំនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តកំពត បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕