កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្រសួងសុខាភិបាល ស្នើដល់អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងអូមីក្រុងដែលសភាពធ្ងន់ធ្ងរសូមកុំព្យាយាមព្យាបាលដោយខ្លួនឯង

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំបន្ថែមអំពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍ ដោយជំរុញដល់អ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ដោយផ្ទាល់ ឬប្រយោលចំពោះអ្នកជំងឺកូវីដ-១៩ ឱ្យដាក់ខ្លួនឱ្យនៅដាច់ដោយឡែក តាមដានសុខភាពផ្ទាល់ខ្លួន និងធ្វើតេស្តរហ័សដើម្បីស្វែងរកជំងឺនិងព្យាបាលទាន់ពេលវេលា។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា អាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួន ឯងនៅផ្ទះដោយប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ា កាប់ស៊ុល ២០០មីលីក្រាម (MoIrupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត ២០០មីលីក្រាម ក្នុងមួយគ្រាប់ ) លេបរៀងរាល់ ១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ បន្តបន្ទាប់។

ក្រសួងបញ្ជាក់ថា៖ «គួរប្រើ Monupiravir ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ និងពុំត្រូវប្រើសម្រាប់មនុស្សអាយុក្រោម ១៨ឆ្នាំ និងស្ត្រីបំបៅដោះកូននោះទេ»។

អ្នកជំងឺកូវីដ-១៩ កម្រិតសាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ចាំបាច់ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណី ទទួលបានលទ្ធផលតស្ដរហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្ដរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត ៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយបញ្ចប់ការព្យាបាលជាចាំបាច់។

ទោះជាយ៉ាងណាក្រសួងមិនអនុញ្ញាតឱ្យអ្នកមានជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ព្យាបាលដោយខ្លួនឯងនោះទេ ដែលចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលាដើម្បីសង្គ្រោះអាយុជីវិត។

ក្រសួងបានបញ្ជាក់បន្ថែមថា៖ «ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថាវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង មានសភាពហាក់ស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ»។

អ្នកធ្វើតេស្តរកឃើញវិជ្ជមានទាំងអស់ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យ ជាពិសេសប្រធានមន្ទីរសុខាភិបាលខេត្តនៅតំបន់ដែលបុគ្គលរស់នៅ ដើម្បីបន្តនិតិវិធីព្យាបាល តាមដាន និងការពារការចម្លងបន្តទៅអ្នកដទៃ។ ត្រូវជូនដល់អ្នកដែលពាក់ព័ន្ធនឹងខ្លួនផងដែរឱ្យតាមដានសុខភាពរបស់ពួកគេ។

ក្រសួងសុខាភិបាលបានជំរុញដល់ពលរដ្ឋបន្តគោរពនូវវិធានការសុខាភិបាល ៣ការពារ ៣កុំ និងជៀសវាងការជួបជុំមនុស្សក្នុងទំហំច្រើន ឬត្រូវការបន្ថយការជួបជុំឱ្យបានដល់កម្រិតទាបបំផុត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក