លោក ហ៊ុន ម៉ានី អំពាវនាវឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នទៅនឹងជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញករណីស្លាប់ដោយសារជំងឺឡើងវិញ
សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានបង្ហាញនូវក្ដីបារម្ភទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ បំលែងថ្មីអូមីក្រុង បន្ទាប់ពីទទួលបានរបាយការណ៍ ពីករណីឆ្លងថ្មីដែលមានជាង៧០០នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើងវិញ។
លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា៖ «យោងព័ត៌មានជាបន្តបន្ទាប់ស្តីពីការកើនឡើងនូវករណីឆ្លងថ្មី (និងមរណៈភាព ០២ រូប) កាលពីម្សិល ដែលបណ្តាលមកពីវីរុស Omicron ខ្ញុំសូមអំពាវនាវជាថ្មី ដល់លោកតាលោកយាយ អ៊ុពូមីង បងប្អូន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធាន ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន»។
លោកក៏បានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំនានា ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនូវសន្ទុះនៃការឆ្លងថ្មីនេះ។
លោកថា៖ «សហគមន៏យើងមានសុវត្ថិភាព លុះណាតែយើងទាំងអស់គ្នាចូលរួម ដែលរាប់ទាំងការចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្តគ្រប់យន្តការ ស្ថាប័ន និងនិន្នាការផងដែរ»។
របាយការណ៍សរុបស្ថានភាពជំងឺកូវីដ-១៩ ប្រចាំថ្ងៃដែលបានចេញដោយក្រសួងសុខាភិបាលនៅថ្ងៃនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងចំនួន ៧៣៦ករណី ដែលធ្វើឲ្យករណីវីរុសបំប្លែងថ្មីនេះឆ្លងចូលសហគមន៍សរុបចំនួន ៥៣៣៣ករណី ក្នុងនោះ២នាក់បានស្លាប់កាលពីម្សិលមិញ៕