ឧត្តរមានជ័យ៖ ប្រធានសហគមន៍សង្ឃរុក្ខាវ័ននៅខេត្តឧត្តរមានជ័យបានឱ្យដឹងថា ទន្សោងព្រៃមួយក្បាលបានស្លាប់កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញ ក្នុងរូបភាពដែលគួរឱ្យអាសូរ បន្ទាប់ពីត្រូវអន្ទាក់ដាច់ជើងហើយ ត្រូវឆ្កែព្រានព្រៃរត់តាមខាំ និងត្រូវព្រានព្រៃប្រហារសម្លាប់ក្នុងភូមិសាស្ត្រព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រធានសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជគុណ ថូ ធូរស់ មានសង្ឃដីកាប្រាប់ EAC News ថាជារឿងដែលគួរឱ្យសោកស្ដាយជាខ្លាំងចំពោះដំណឹងនេះ។ ព្រះអង្គបានសង្ឃដីកាបន្ថែមថា ទន្សោងព្រៃនេះអាចជាប់អន្ទាក់ជាច្រើនថ្ងៃហើយដោយធ្វើឱ្យសភាពជើងក្រោយផ្នែកខាងស្ដាំដែលជាប់អន្ទាក់ដាច់ឆ្អឹង និងព្យាយាមរើរត់ចេញ តែត្រូវព្រានតាមវាយសម្លាប់បន្តទៀត។
ព្រះអង្គមានថេរដីកាថា៖ «ពេលឮឆ្កែព្រុស គណៈកម្មការបានឡើងពីទូកទៅមើល។ ពេលឡើងទៅជនល្មើសបានរត់បាត់។ អាត្មាមានការសោកស្ដាយខ្លាំងមែនទែនចំពោះដំណឹងនេះ ទន្សោងស្លាប់បាត់បង់ជីវិតដោយសារជាប់អន្ទាក់ហើយឆ្កែដេញនិងត្រូវម្ចាស់ឆ្កែវ៉ៃបន្ថែមឱ្យស្លាប់។ ជាទូទៅប្រភេទសត្វនេះជាប្រភេទសត្វកម្រ ហើយសម្រាប់អាត្មា អ្នកកាន់ព្រះពុទ្ធសាសនាត្រូវតែមានធម៌មេត្តាដល់សព្វសត្វ ដល់ឃើញអញ្ចឹងអាត្មាមានការសង្វែកជាពន់ពេក។ ជីវិតសត្វមួយក្បាលគឺដូចជាជីវិតមនុស្ស១រូបដែល គឺគេក៏ចង់រស់ហើយយើងក៏ចង់រស់ដែរ»។
ព្រះអង្គមានសង្ឃដីកាបន្តថា ការដាក់អន្ទាក់ និងប្រមាញ់សត្វព្រៃក្នុងព្រៃសង្ឃសហគមន៍រុក្ខវ័ននៅតែមានក្នុងពេលបច្ចុប្បន្ននេះ ដោយគ្រាន់តែឆ្នាំ២០២១ កន្លងទៅព្រះសង្ឃសហគមន៍បានរកឃើញគ្រោងឆ្អឹងទន្សោងចំនួន ៣ក្បាលហើយដែលត្រូវព្រានព្រៃសម្លាប់ និងដាក់អន្ទាក់។
បច្ចុប្បន្នសពរបស់ទន្សោងមួយក្បាលនេះត្រូវបានព្រះសង្ឃសហគមន៍សង្ឃរុក្ខាវ័ន ដឹកយកទៅទីស្នាក់ការកណ្តាលសង្ឃរុក្ខាវ័ននិងធ្វើពិធីបង្សុកូលនិងបញ្ចុះនៅទីនោះ។
ព្រះអង្គ ថូ ធូរស់ ស្នើដល់មន្ត្រីបរិស្ថានស្វែងរកជនល្មើសមកផ្ដន្ទាទោស ដើម្បីជាគំរូនៃទណ្ឌកម្មដល់ជនល្មើសដទៃទៀត។
របាយការណ៍ក្រសួងបរិស្ថានឱ្យដឹងថា ចំនួនអន្ទាក់ដែលឧទ្យានុរក្សបានដោះក្នុងឆ្នាំ២០២១ កន្លងទៅមានប្រមាណ ៦១ ៦១១អន្ទាក់ ខណៈនៅឆ្នាំ២០២០ ដោះបានចំនួន ៤៣ ២៧០អន្ទាក់ ដែលមានការកើនឡើងប្រមាណ២០%។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងពីក្ដីបារម្ភថាបញ្ហាអន្ទាក់បានគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងជំពាម លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ ដើម្បីចូលរួមអភិរក្ស និងទប់ស្កាត់ការបរបាញ់និងប្រមាញ់សត្វព្រៃ៕