ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានរម្លឹកពីភាពចាំបាច់របស់ពលរដ្ឋក្នុងការសាមគ្គីគ្នាជាធ្លុងមួយសម្រាប់បុព្វហេតុជាតិមាតុភូមិ ដើម្បីឆ្លើយតបលើការបំពារបំពានផ្សេងៗពីបរទេស។
ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ និងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. នៅខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានរំលឹកពីការឈ្លានពានពីប្រទេសជិតខាងលើប្រាសាទព្រះវិហារ ដោយជំរុញដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះរឿងទាំងអស់នេះ។
លោកលើកឡើងថា៖ «រឿងព្រះវិហារមិនមែនជារឿងថ្មីនោះទេ តែករណីប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ ត្រូវបានសាកល្បងជាបន្តបន្ទាប់ ដូចជាកាលបទពិសោធន៍ឆ្នំា២០០៨ជាដើម។ ប្រាសាទព្រះវិហារជារបស់កម្ពុជា ហើយកាន់តែច្បាស់គឺការទទួលស្គាល់តាំងពីទស្សវត្សទី៦០ មកម្លេះ តែឆ្នាំ២០០៨ ហើយយើងនៅតែទទួលបានការបំពានជាបន្តបន្ទាប់។ តើទៅថ្ងៃអនាគត យើងនឹងជួបប្រទះបញ្ហាបែបណាទៀត?»
លោកបន្ថែមថា៖ «ដូច្នេះយើងត្រូវប្រុងប្រយ័ត្នជានិច្ច។ បទពិសោធន៍កាលពីឆ្នាំ២០០៨ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនខ្មែរពិតជាមានស្មារតីនៃការួមគ្នា ក្នុងបុព្វហេតុដើម្បីប្រទេសជាតិ និងមាតុភូមិ។ “ខ្មែរសាមគ្គី ខ្មែរឈ្នះ”»។
ជាមួយគ្នានេះ លោកបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គប្បីរក្សាបាននូវយន្តការនៃការកសាងអំពើល្អ ការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយធ្វើជាគម្រូដល់អ្នកជំនាន់ក្រោយ។
លោក ហ៊ុន ម៉ានី បានលើកឡើងនូវវប្បធម៌ការងាររបស់ ស.ស.យ.ក. ចំនួន៣គឺការចូលរួមរៀនសូត្រ និងស្តាប់ការដឹកនាំ របស់ថ្នាក់ដឹកទាំងថ្នាក់ជាតិ និងមូលដ្ឋានគ្រប់ជាន់ថ្នាក់ ទស្សនៈ បទពិសោធន៍របស់ថ្នាក់ដឹកនាំ ជាឱកាសនៃការបង្កើតជាគំនិតមួយក្នុងការអភិវឌ្ឍសមត្ថភាព។ ការចូលរួមក្នុងសកម្មភាពស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលកន្លងមក ស.ស.យ.ក. ទទួលបានភាពជោគជ័យយ៉ាងច្រើន ប្រកបដោយភាពទទួលខុសត្រូវនិងការទទួលស្គាល់ពីសំណាក់មហាជនទូទាំងប្រទេស ព្រមទាំងសកម្មភាពដែលជាគំនិតផ្តួចផ្តើមរបស់ ស.ស.យ.ក. ផ្ទាល់ រួមមានកម្មវិធីនានាដែលស.ស.យ.ក. បានផ្តួចផ្តើម និងរៀបចំកន្លងមកទាំងថ្នាក់មូលដ្ឋានរាជធានីខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ដែរថា ពិធីប្រកាសសមាសភាព និងពិធីសំណេះសំណាលនៅក្នុងខេត្តព្រះវិហារនេះគឺជាផ្នែកមួយនៃបេសកកម្មទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ របស់លោក ហ៊ុន ម៉ានី ហើយខេត្តព្រះវិហារគឺជាខេត្តទី៣ នៃបេសកកម្មនេះបន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកំពត ហើយគោលដៅបន្ទាប់របស់សភាពសហព័ន្ធយុវជនកម្ពុជាគឺខេត្តឧត្តរមានជ័យ៕