ក្រសួងអប់រំ ឱ្យគ្រឹះស្ថានសិក្សាទាក់ទងអាជ្ញាធរសុខាភិបាលឱ្យចុះទៅចាក់វ៉ាក់សាំងដល់សិស្សក្នុងសាលា
ភ្នំពេញ៖ ក្រសួងអប់រំបានតម្រូវឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា រៀបចំស្ថិតិបុគ្គលិកអប់រំ និងសិស្សានុសិស្ស ដែលបានចាក់ និងមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយឱ្យស្នើសុំទៅគណៈកម្មការចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានមកចុះវ៉ាក់សាំងដោយផ្ទាល់ក្នុងសាលាតែម្ដង។
ក្នុងសេចក្ដីណែនាំចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងអប់រំ បានជំរុញដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលមិនទាន់ចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញត្រូវទៅចាក់ឱ្យបានគ្រប់គ្នា ខណៈអ្នកមិនបានចាក់និងត្រូវស្រង់ឈ្មោះដើម្បីឱ្យមានការរៀបចំចាក់នៅសាលាដោយផ្ទាល់។
ចំពោះគ្រឹះស្ថានមតេ្តយ្យសិក្សាដែលមានកុមារអាយុចាប់ពី៣ ដល់៥ឆ្នាំ គ្រឹះស្ថានសិក្សាទាំងនោះត្រូវផ្សព្វផ្សាយនិងជំរុញមាតាបិតា អាណាព្យាបាលឱ្យនាំកូនចៅទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។
កម្ពុជាបានបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដែលអនុញ្ញាតដល់សិស្សត្រឡប់ចូលបន្ទប់សិក្សា បន្ទាប់ពីផ្អាកការចូលរៀនផ្ទាល់មួយរយៈដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ យោងតាមលិខិតរបស់ក្រសួងអប់រំនាថ្ងៃនេះបញ្ជាក់ថាការបើកបវេសនកាលលើនៃនិងមិនត្រូវបញ្ឈប់វិញដោយសារជំងឹកូវីដ-១៩នោះទេ។
ក្រសួងអប់រំបានសម្រេច ឱ្យមានការសិក្សាដោយផ្ទាល់និងតាមអនឡាញដើម្បីកាត់បន្ថយចំនួនសិស្សមករៀនដោយផ្ទាល់ ខណៈប្រសិនជារកឃើញករណីមានគ្រូ ឬសិស្សឆ្លងជំងឺកូវីដ-១៩ គឺតម្រូវឱ្យផ្អាកដំណើរការថ្នាក់ជាបណ្ដោះអាសន្នត្រឹម១សប្ដាហ៍យ៉ាងតិច ដោយរក្សាការបង្រៀនតាមអនឡាញ ឬការបង្រៀនពីចម្ងាយដោយប្រើវីដេអូឃ្លីប សន្លឹកកិច្ចការ ការបង្រៀន និងរៀនជាបណ្តុំ និងស្វ័យសិក្សាជាដើម។
ក្រសួងអប់រំបន្ថែមថា គ្រឹះស្ថានសិក្សា ត្រូវរៀបចំការបង្រៀន និងរៀនតាមកម្មវិធីសិក្សាបង្រួញ ដោយគ្រូបង្រៀនត្រូវសង្ខេបមេរៀន និងបង្រៀនមុខវិជ្ជាសំខាន់ៗ។ ចំពោះមេរៀននិងមុខវិជ្ជាផ្សេងទៀត គ្រូបង្រៀនត្រូវណែនាំសិស្សឱ្យរៀនដោយខ្លួនឯងតាមរយៈការប្រើប្រាស់សម្ភារៈសិក្សា ឬសន្លឹកមេរៀនដែលមានស្រាប់ការសិក្សាក្នុងបណ្ណាល័យ និងការយកឯកសារទៅរៀននៅផ្ទះ។
ការសម្រេចរបស់ក្រសួងអប់រំនាពេលនេះ ដោយថាដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង និងដើម្បីធានាបន្តនិរន្តរភាពនៃដំណើរការបង្រៀន និងរៀន ឈានទៅបញ្ចប់ឆ្នាំសិក្សាបានពេញលេញ៕