ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមត្ថកិច្ចខេត្តប៉ៃលិនចុះបង្ក្រាបល្បែងអនឡាញខុសច្បាប់និងសង្ស័យលាងលុយកខ្វក់មួយកន្លែង

ខេត្តប៉ៃលិន៖ សមត្ថកិច្ចចុះឆែកឆេរផ្ទះល្វែងមួយកន្លែងនៅក្នុងខេត្តប៉ៃលិន រកឃើញសម្ភារៈអេឡិចត្រូនិចមួយចំនួន មានពាក់ព័ន្ធនឹងបទល្មើស រួមទាំងការបើកល្បែងអនឡាញខុសច្បាប់ និងសង្ស័យលាងលុយកខ្វក់។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ តុលាការ និងអាជ្ញាធរខេត្តប៉ៃលិនបានចុះពិនិត្យវត្ថុតាងបទល្មើសមួយចំនួន ដែលកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ សហការជាមួយកម្លាំងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបង្ក្រាបកន្លងមក។ វត្ថុតាងទាំងអស់នោះ រួមមានកុំព្យូទ័រ និងសម្ភារ:ផ្សេងៗជាច្រើន ដែលត្រូវបានសមត្ថកិច្ចសង្ស័យថា ម្ចាស់ផ្ទះអាចនឹងលួចបើកល្បែងអនឡាញខុសច្បាប់។

ក្រោយពីស៊ើបអង្កេតរួច សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនបន្ថែម ដូចជាបទល្មើសគេចពន្ធ បទល្មើសស្តុកទុក និងចែកចាយ បទល្មើសបើកល្បែងអនឡាញខុសច្បាប់ ហើយអាចនឹងជាករណីលាងលុយកខ្វក់ ខណ:មន្រ្តីនគរបាលកំពុងធ្វើការស្រាវជ្រាវបន្ត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៥ និង០៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាល បានចុះឆ្មក់ចូលឆែកឆេរផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិខាងលើ ដោយគេសង្ស័យថា លួចបើកល្បែងអនឡាញខុសច្បាប់។

ស្នងការរងទទួលបន្ទុកផ្នែកបទល្មើសសេដ្ឋកិច្ច លោក ម៉ែ រិទ្ធី បានឱ្យដឹងថា វត្ថុតាងដែលកម្លាំងនគរបាលដកហូតបាន និងធ្វើការរាប់រួចរាល់មានដូចតទៅ CPU កុំព្យូទ័រ ចំនួន១២២គ្រឿង កុំព្យូទ័រឡែបថប (Laptop) ចំនួន ០២គ្រឿង ម៉ូនីទ័រ (Monitor) ចំនួន ២៥១គ្រឿង ឃីបត (Keyboard) ចំនួន ១២៤គ្រឿង ម៉ាស៊ីនព្រីនចំនួន ០២គ្រឿង អាំងម៉ូទ័របើភ្លើងចំនួន ២២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត។

លោកបន្តទៀតថា ក្រោយពីនគរបាលជំនាញ ធ្វើការស៊ើបអង្កេត និងរាប់ចំនួនសម្ភារ:ពាក់ព័ន្ធនឹងបទល្មើសរួច អភិបាលខេត្តប៉ៃលិន សហការជាមួយនឹងលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះពិនិត្យមើលរួចនឹងរៀបចំបញ្ជូនសម្ភារ:ទាំងអស់ខាងលើទៅតុលាការខេត្តប៉ៃលិន។

លោកបញ្ជាក់ថា បច្ចុប្បន្នម្ចាស់ទីតាំងខាងលើកំពុងរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនបញ្ជូនមកតុលាការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក