រដ្ឋាភិបាលនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដល់កុមារអាយុ៥ឆ្នាំឡើង ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ
ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋចាប់ពី១២ ឆ្នាំឡើង នៅពេលនេះរដ្ឋាភិបាលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់កុមារអាយុចាប់ពី ៥ឆ្នាំឡើង ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
សម្រាប់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ អាយុចាប់ពី ៦ឆ្នាំឡើងនឹងត្រូវចាក់វ៉ាក់សាំង ថ្ងៃទី២១ ខែកុម្ភៈ នៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតានិងទារក និងមន្ទីរពេទ្យគន្ធបុប្ផា។
សម្រាប់កូនចៅមន្ត្រីអង្គការសហប្រជាជាតិ ស្ថានទូតនានា បុគ្គលិកអង្គការជាតិនិងអន្តរជាតិ និងឧកញ៉ា នឹងចាប់ផ្ដើមចាក់ពីថ្ងៃទី១៤ ខែមីនា។
ចំពោះកូនចៅមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យាព្រមទាំងកូនចៅប្រជាពលរដ្ឋទូទៅ ក្រោមឱវាទរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងត្រូវរៀបចំចាក់ជូនដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ តាមទីតាំងនានាក្នុងរាជធានី-ខេត្ត ដោយនឹងចេញលិខិតផ្សព្វផ្សាយជូនសាធារណជន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។
សម្រាប់កុមាអាយុ ៥ឆ្នាំ នឹងចាប់ផ្តើមចាក់ពីថ្ងៃ១១ ខែមីនា ឆ្នាំ២០២២ ដំណាលគ្នាតែម្តង។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា៖ «គម្លាតរវាងដូសទី២ គឺ ៤ខែឡើង»។
ចំពោះឯកសារភ្ជាប់មកជាមួយនៅពេលទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវ កាតចាក់វ៉ាក់សាំង ឯកសារចុះឈ្មោះពេលចាក់ដូសទី ១ និងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ (ចំពោះកូនចៅមន្ដ្រីរាជការថ្នាក់ជាតិ)៕