
សម្ដេចតេជោ លើកទឹកចិត្តឱ្យមានការធ្វើតេស្តរហ័សលើអ្នកចូលរួមកម្មវិធីនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឹកូវីដ-១៩
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ពលរដ្ឋទូទៅ និងអ្នករៀបចំកម្មវិធីនានាឱ្យកាត់បន្ថយចំនួនអ្នកចូលរួម និងគួរប្រើប្រាស់ការតេស្តរហ័សរកមេរោគកូវីដ-១៩ មុនឱ្យចូលកម្មវិធី។
ក្នុងសារាចរណែនាំស្ដីពីការពង្រឹងការអនុវត្តន៍វិធានការណ៍ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោកូវីដ-១៩ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ចំណុចទី៥ បានសរសេរថា៖ «លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុង កម្មវិធីនានាឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ។ ទន្ទឹមនេះ អ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមនានា ក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តស្ករហ័សរកមេរោគកូវីដ-១៩ និងការត្រួតពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលរួមកម្មវិធីនានា ដើម្បីជាវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩»។
ក្រៅពីវិធានការនេះសម្ដេចតេជោ ក៏ជំរុញណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋចូលរួមអនុវត្តន៍វិធានការសុខាភិបាល ទៅចាក់វ៉ាក់សាំង អប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ និងស្វែងរកថ្នាំព្យាបាលឱ្យគ្រប់គ្រាន់សម្រាប់ពលរដ្ឋផងដែរ ដោយថា ដើម្បីធានានូវសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញលើគ្រប់វិស័យនិងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង៕