សម្ដេចតេជោ ឱ្យស្ថាប័នពាក់ព័ន្ធស្រាវជ្រាវដើម្បីទទួលបានឱសថដែលមានប្រសិទ្ធភាពប្រឆាំងកូវីដ-១៩ចែកចាយឱ្យបានគ្រប់គ្រាន់
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការបារម្ភពីឆ្លងរាលដាលនៃជំងឹកូវីដ-១៩ អូមីក្រុង ក្នុងសហគមន៍កម្ពុជា ដោយណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋចូលរួមអនុវត្តន៍វិធានការសុខាភិបាល ទៅចាក់វ៉ាក់សាំង អប់រំផ្សព្វផ្សាយ ស្វែងរកថ្នាំព្យាបាលឱ្យគ្រប់គ្រាន់ និងលើទឹកចិត្តឱ្យកាត់បន្ថយការជួបជុំគ្នាច្រើន។
ក្នុងសារាចរណែនាំនៅយប់ថ្ងៃទី១៧ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការធ្វើបែបនេះគឺដើម្បីធានានូវសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញលើគ្រប់វិស័យនិងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃមេរោគកូវីដ-១៩ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។
សម្ដេចក៏បញ្ជាឱ្យស្វែងរក យន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំស្រាវជ្រាវស្វែងរក ដើម្បីទទួលបាននូវឱសថដែល មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាលនិងមធ្យម ទាំងកម្រិតធ្ងន់ និងត្រូវធានាថា ឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងធានាឱ្យមាននូវការផ្គត់ផ្គង់ និង ចែកចាយឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្រាន់ និងទូលំទូលាយ ក្នុង តម្លៃសមរម្យ ដល់សាធារណជន។ ទន្ទឹមនេះយន្តការដែលមានការពាក់ព័ន្ធ ត្រូវរៀបចំឱ្យមាននូវការណែនាំ ច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ដើម្បីធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពនៃការប្រើប្រាស់ឱសថទាំងនោះ។
ចំពោះការជួបជុំវិញ សម្ដេចតេជោ លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុង កម្មវិធីនានាឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ។ ទន្ទឹមនេះ អ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមនានា ក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តេស្ករហ័សរកមេរោគកូវីដ-១៩ និងការត្រួតពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលរួមកម្មវិធីនានា ដើម្បីជាវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
កាលពីល្ងាចថ្ងៃនេះទី១៧ ខែកុម្ភៈ នេះសម្ដេចតេជោក៏បានសម្រេចបញ្ជាឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុពី៣ ដល់៥ឆ្នាំផងដែរ បន្ទាប់ពីសម្ដេចបានសំដែងនូវការបារម្ភពីផលប៉ះពាល់នៃសុខភាពសាធារណៈដោយជំងឺកូវីដ-១៩ អូមីក្រុងនៅកម្ពុជា៕