សហរដ្ឋអាមេរិក៖ ប្រជាជាតិនៃសហរដ្ឋអាមេរិកជាច្រើននៅជុំវិញរដ្ឋធំៗនានា បានប្រារព្ធពិធីរំលឹកខួបនៃការទទួលមរណភាពរបស់បុរសស្បែកខ្មៅ George Floyde ដែលត្រូវបានស្លាប់ដោយសារការឃាត់ខ្លួនរបស់ប៉ូលិស នៅទីក្រុងមីនីផូលីស (Minneapolis) រដ្ឋមីនីសូតា (Minnesota) ដែលក្រោយមកបានបង្កឱ្យមានការផ្ទុះឡើងនូវការតវ៉ាពីសំណាក់ប្រជាជនសហរដ្ឋអាមេរិក ចំពោះសមភាពនៃប្រជាពលរដ្ឋ ក៏ដូចជាការធ្វើកំណែទម្រង់នៃប៉ូលិសក្នុងសហរដ្ឋអាមេរិក។
នៅថ្ងៃទី២៦ ខែឧសភានេះ លោកស្រី Angela Harrelson ជាម្តាយមីងរបស់ George Floyde បានថ្លែងប្រាប់សារព័ត៌មាន CNN ថា "ថ្ងៃនេះលោកស្រីពិតជាមានអារម្មណ៍បានធូរស្បើយច្រើន។ ពួកយើងទទួលបានក្តីស្រឡាញ់ ការយកចិត្តទុកដាក់ច្រើនជាងមុន ហើយការផ្លាស់ប្តូរជាច្រើនបានកើតឡើងហាក់ធ្វើឱ្យខ្ញុំមានក្តីសង្ឃឹម និងមានភាពរីករាយឡើងវិញ"។ រដ្ឋជាច្រើននៅអាមេរិក មានឮសូរឈ្មោះ Floyde កងរំពង ដែលមរណភាពរបស់បុរសរូបនេះ ត្រូវបានគេចាត់ទុកជាការទាមទារសិទ្ធិសេរីភាពនៃប្រជាជនស្បែកខ្មៅ និងសមភាពក្នុងសង្គមអាមេរិក។
ដោយឡែក លោកស្រី Darnella Frazier ជាអ្នកដែលបានផ្តិតយកវីដេអូហេតុការណ៍ដោយផ្ទាល់ក៏បាននិយាយថា លោកស្រីមិនដែលស្គាល់ George Floyd ពីមុនមកទេ ប៉ុន្តែលោកស្រីជឿជាក់ថាជីវិតមនុស្សម្នាក់ៗមានតំលៃស្មើៗគ្នា។ លោកស្រីបន្ថែមថា ខ្ញុំបានឃើញ និងដឹងថាគេកំពុងស្ថិតក្នុងស្ថានភាពឈឺចាប់ ហើយប្រាកដណាស់មានបុរសស្បែកខ្មៅជាច្រើនផ្សេងទៀតក៏ទទួលរងគ្រោះថ្នាក់ និងការគំរាមកំហែងហើយគ្មានអ្វីតបតវិញបាន៕