សម្តេចព្រះសង្ឃរាជ បួរ គ្រី៖ ការទទួលបាននូវពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាការស្តែងឱ្យឃើញថា កម្ពុជាពិតជាមានសន្តិភាពពេញទទួលស្គាល់ដោយអន្តរជាតិ
បន្ទាយមានជ័យ៖ សម្ដេចព្រះសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលថា ការផ្ដល់ពានរង្វាន់សន្ដិភាពស៊ុនហាក់ ដល់សម្ដេចតេជោ ហ៊ុន សែន ជាការបញ្ជាក់ថាពីអន្តរជាតិនូវការទទួលស្គាល់ពីការកសាងសន្ដិភាពនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ។
មានព្រះរាជបន្ទូលក្នុងពិធីប្រគល់ព្រះរាជសង្ឃប្រកាសតែងតាំង ឧត្តមទីប្រឹក្សា-ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីព្រះរាជទាន ព្រះរាជអំណោយជូនដល់ឧបាសក-ឧបាសិកា ពុទ្ធបរិស័ទចំនួន ២៥០រូបក្នុង ក្រុងសិរីសោភ័ណធ្វើឡើងនៅសួនមានជ័យ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន ចំពោះការទទួលបាននូវពានរង្វាន់សន្តិភាពស៊ុនហាក់ ដោយសម្តេចសង្ឃបានលើកឡើងថា កម្ពុជាពិតជាសាកសមទទួលបាននូវពានរង្វាន់ដែលបានបញ្ជាក់ឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកកសាងសន្តិភាពកម្ពុជាដែលបានខិតខំទាមទារយកសន្តិភាពជូនជាតិមាតុភូមិបានមកដោយលំបាករហូតមានការទទួលស្គាល់ជាអន្តរជាតិពីសុខសន្តិភាពនៅកម្ពុជា។
ព្រះអង្គបានអំពាវនាវដល់ពលរដ្ឋកម្ពុជាចូលរួមការពារនូវសុខសន្តិភាពនេះឱ្យបានគង់វង្ស។ ព្រះអង្គមានព្រះរាជបន្ទូលថា៖ «កម្ពុជាពិតជាមានមោទនភាពណាស់ ដែលកម្ពុជាបានទទួលពាន់រង្វាន់នេះ ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើមប្រកបដោយគុណធម៌។ […] សន្តិភាព នេះ ហើយដែលអាចធ្វើឱ្យយើងទាំងអស់គ្នា មានឱកាសជួបជុំធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ រស់នៅដោយស្មើសិទ្ធិគ្នា គ្មានការជិះជាន់ គ្មានការបំបិទសិទ្ធសេរីភាពដូចពីសម័យមុនឡើយ»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលសន្ដិភាពសកលឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសហស្ថាបនិកនៃពានរង្វាន់ស៊ុនហ៊ាក់ លោកស្រី ហាក់ ចានហាន់មូន បានប្រគល់មេដាយសន្ដិភាពស៊ុនហាក់ជូនដោយផ្ទាល់លើវេទិកាដ៏ធំនៃការប្រកាសជ័យលាភី នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំទី១នៅអាស៊ានដែលត្រូវបានមូលនិធិសន្ដិភាពសកលផ្ដល់ពានរង្វាន់ជូន។
ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគម្រូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ ខណៈពានរង្វាន់សន្តិភាពអន្តរជាតិនេះ បានបង្កើតឡើងដើម្បីរំលឹកដល់ទស្សនៈវិស័យសន្តិភាពរបស់ ស្ថាបនិកគឺលោក ស៊ុនម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន៕