រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី៖ ភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជាធ្វើឱ្យអ្នកវិនិយោគសឹង្ហបុរីចាប់អារម្មណ៍មកវិនិយោគ
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក វីវៀន បាឡា ទ្រីសស្នាន់ បានសម្ដែងនូវការសាទរដល់កម្ពុជាដែលបានទទួលនូវជោគជ័យនៅក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេ ដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស។ លោកថាចំណុចនេះហើយបានធ្វើឱ្យអ្នកវិនិយោគសឹង្ហបុរីកំពុងចាប់អារម្មណ៍លើកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះ លោក វីវៀន បាឡា ទ្រីសស្នាន់ បានលើកឡើងថា ភាពជោគជ័យនៃការយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់កម្ពុជានេះបានធ្វើឱ្យអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។ ក្នុងន័យនេះលោក វីវៀន បានជម្រាបជូន សម្ដេចតេជោ ថាសិង្ហបុរីបន្តគាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក វីវៀន ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ ។ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យមានការជំរុញ ការវិនិយោគមកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។
ក្នុងជំនួបនោះក៏សម្ដេចក៏បានបញ្ជាក់ពីការធ្វើដំណើររបស់សម្ដេចតេជោ ទៅប្រទេសមីយ៉ាន់ម៉ា ដោយថាគោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទី១ គឺធ្វើយ៉ាងណា កាត់បន្ថយឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ទី២ រកវិធីផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣គឺបង្កើតនូវការសន្ទនា។
គួររំលឹកផងដែរ ដោយសារភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅ១០០ភាគរយរួច កម្ពុជាបានបើកប្រទេសវិញទាំងស្រុងលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ការបើកប្រទេសនេះធ្វើឱ្យក្រសួងសេដ្ឋកិច្ចរំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ អាចនឹងមានកំណើនប្រមាណ ៤,៨ភាគរយ៕