កំពត៖ បណ្ណាល័យស្ដីពីសត្វក្រៀល និងតំបន់ដីសើម ត្រូវបានបើកដំណើរការនៅក្នុងថ្ងៃទី១៦ ខែកុម្ភៈនេះ ដែលនឹងក្លាយជាកន្លែងអប់រំ ផ្ដល់ព័ត៌មាន និងសិក្សាឈ្វេងយល់ដោយផ្ទាល់អំពីសារៈសំខាន់របស់សត្វក្រៀល ព្រមទាំងសត្វស្លាបទឹកផ្សេងៗ។
បណ្ណាល័យនេះ មានទីតាំងស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាតំបន់ការពារទេសភាពអន្លង់ព្រីង។
បណ្ណាល័យនេះបង្កើតឡើងនៅក្នុងគោលបំណងធ្វើជាកន្លែងផ្តល់ព័ត៌មាន និងសិក្សាឈ្វេងយល់ដោយផ្ទាល់អំពីសារៈ សំខាន់របស់តំបន់ការពារទេសភាពអន្លង់ព្រីង អត្តសញ្ញាណ និងអេកូឡូស៊ីរបស់សត្វក្រៀល និងសត្វស្លាបទឹកផ្សេងៗ។
ក្រុមគោលដៅសំរាប់ការអប់រំផ្សព្វផ្សាយនេះគឺសិស្សានុសិស្សនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យចំនួន ៦ដែលស្ថិតនៅជុំវិញតំបន់ការពារទេសភាពនេះផ្ទាល់តែម្ដង។
កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បណ្ណាល័យបានទទួលស្វាគមន៍ភ្ញៀវដំបូងគឺកុមារចំនួន២៣នាក់ ដែលមកសាលាបឋមសិក្សាថ្មបើក។ កុមារទាំងអស់បានចំណាយពេលកន្លះថ្ងៃដើម្បីទស្សនាភាពយន្តអប់រំស្តីពីសត្វក្រៀលនិងការអភិរក្ស ស្តាប់បទបង្ហាញដែលធ្វើឡើងដោយបងៗឧទ្យានុរក្ស គូរគំនូរនិងផាត់ពណ៌លើគំនូរសត្វស្លាបទឹក និងចូលរួមធ្វើការសម្អាតបរិស្ថាននៅតំបន់អភិរក្សដីសើមនេះ។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីងនេះមានការសហការអនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា WWT និង BirdLife នឹងបានទទួលការឧបត្ថម្ភពី Darwin Initiative ។
គួរឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) បានចេញផ្សាយថា តំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានក្រឡាផ្ទៃសរុប ២១៧ហិកតា ត្រូវបានទទួលស្គាល់ជាតំបន់នៃបណ្តាញផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដោយលេខាធិការដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។
តំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់នេះ បានផ្តល់ជាទីជម្រកនិងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស៕