វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ADB អនុម័តប្រាក់កម្ចី ៩៥លានដុល្លារបន្ថែមពីលើកម្ចី២៥០លានដុល្លារដល់កម្ពុជាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈកាលពីឆ្នាំ២០២០ ធនាគារមួយនេះបានផ្ដល់កម្ចីដល់កម្ពុជាចំនួន ២៥០លានដុល្លារម្ដងរួចទៅហើយ។

តាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៣ រួមមានការចាក់វ៉ាក់សាំងជំរុញប្រចាំឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និងការចាក់វ៉ាក់សាំងមូលដ្ឋានសម្រាប់កុមារអាយុក្រោម ៥ឆ្នាំ។

បន្ថែមពីនេះ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន១លានដុល្លារទៀត ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូននិងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈមក្នុងការទទួលបានវ៉ាក់សំាងក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។

តាមរយៈលោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ADBនៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ លើកឡើងថា៖ «គម្រោងនេះនឹងជួយកម្ពុជាដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿននៃ ការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត»។

គម្រោងខាងលើនេះ ជាការគាំទ្របន្ថែមទៅលើជំនួយទាក់ទងនឹងកូវីដ-១៩កន្លងទៅរបស់ ADB ដល់កម្ពុជា។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០លានដុល្លារម្ដងរួចមកហើយ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សង្គម និងសេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។

ចាប់តាំងពីឆ្នាំ២០០៥ មក ADB បានគាំទ្រគម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់ក្រសួងសុខា ភិបាលកម្ពុជា។ នៅខែតុលា ឆ្នាំ ២០២១ ADB បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៣0 លានដុល្លារសម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (Greater Mekong Subregion Health Security Project) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមានការកើនឡើងនៃ ករណីជំងឺកូវីដ១៩។

ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ ក្នុង ឆ្នាំ២០២០។ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាព ហើយបណ្តាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើន មួយរយៈពេលធំក្នុងឆ្នាំនោះ។

ជាមួយគ្នានេះ ប្រទេសកម្ពុជាបានផ្តល់ចាក់វ៉ាក់សាំងយ៉ាងពេញលេញដល់ប្រជាពលរដ្ឋប្រមាណ ៨០% នៃប្រជាពលរដ្ឋសរុប ១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មក។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធសុខាភិបាលរបស់ប្រទេស នៅតែងាយរងគ្រោះចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។

ធនាគារអន្តរជាតិមួយនេះ ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។

ធនាគារអភិវឌ្ឍន៍អាស៊ីបង្កើត ឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក