
មន្រ្តីនគរបាលទំនើងម្នាក់ បើករថយន្តពាក់ផ្លាកលេខ ន.ប តាមដងផ្លូវពេលវិធានការបិទខ្ទប់ និងបោះពាក្យសំដីថា “ខ្លួនជាឧត្តមសេនីយ៍តើនរណាហ៊ានចាប់?” ពេលនេះត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ
(ភ្នំពេញ)៖ បន្ទាប់ពីបានផុសវីដេអូនៅលើបណ្ដាញសង្គម Facebook អួតអាងខ្លួនជា “ឧត្តមសេនីយ៍តើនរណាហ៊ានចាប់?” ផ្អើលពេញថ្នាក់ដឹកនាំនិងមជ្ឈដ្ឋានសង្គមទាំងព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១រួចមក កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកស្រាវជ្រាវភ្លាមៗឈានទៅដល់ការឃាត់ខ្លួនមន្ត្រីនគរបាលទំនើងខុសគេរូបនេះ ជាមួយរថយន្តស៊េរីទំនើបពាក់ផ្លាកលេខនគរបាល ២-៦១២៨ នៅខណ្ឌជ្រោយចង្វារ។
បុរសនគរបាលខាងលើនេះ ដែលមុនពេលចាប់ខ្លួនបានបង្ហោះវីដេអូនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ បានបោះពាក្យសម្តីយ៉ាងព្រហើនមិនខ្លាចសមត្ថកិច្ច ពិសេសល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មានថា កម្លាំងនគរបាលរបស់យើងឃាត់ខ្លួនបានហើយ និងកំពុងសួរនាំបន្ត។ ចំពោះវិធានការចំពោះមុខនេះ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រង់ចាំការសួរនាំនិងពិនិត្យមើលជាក់ស្តែងសិនដើម្បីចាត់ការបន្តទៀត។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ បានឲ្យដឹងថា បុរសខាងលើបានបើករថយន្តឡាយនៅ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ហើយបុរសរូបនោះមិនមាភារកិច្ចក្នុងការធ្វើដំណើរចាំបាច់ក្នុងពេលរាជធានីភ្នំពេញទេ៕