សៀមរាប៖ គ្រឹះស្ថានអង្គរ នឹងចាប់ផ្ដើមបើកលក់សំបុត្រជិះទូកកម្សាន្តនៅតំបន់ទេសចរណ៍បឹងទន្លេសាប ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ពីតម្លៃការលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៏ចុងឃ្នៀស ដែលសំបុត្រមួយមានតម្លៃ ៧ដុល្លារក្នុងភ្ញៀវទេសចរម្នាក់ ដែលអាយុចាប់ពី១២ឆ្នាំឡើងទៅរួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ការជិះទូកត្រូវបានបែងចែកជាពីរប្រភេទ គឺទូកតូចចំណុះ៨នាក់ (សំបុត្រ៤ឡើងទៅទើបទូកចេញដំណើរ) និងទូកធំចំណុះ៤៥នាក់ ( សំបុត៩ឡើងទៅទើបទូកចេញដំណើរ)។
តំបន់ចុងឃ្នៀស ស្ថិតនៅលើផ្ទៃបឹងទន្លេសាបក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប មានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីក្រុងសៀមរាប។ តំបន់មួយនេះបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនចូលមកទស្សនាកម្សាន្ត មើលទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើផ្ទៃបឹងទន្លេសាប ដែលល្បីខាងសម្បូរត្រីទឹកសាបក្នុងតំបន់ និងពិភពលោក។ ពិសេសអ្នកទេសចរនឹងបានពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹកបឹងទន្លេសាប ដែលគេនិយមហៅជាទូទៅថា ផ្ទះបណ្តែតទឹក ឬអ្នកភូមិបណ្តែតទឹកនៅទីនោះ៕