សម្ដេចតេជោ មើលមិនឃើញថាមីយ៉ាន់ម៉ាអាចមានសន្ដិភាពនោះទេដរាបណាអន្តរជាតិមិនផ្លាស់ប្ដូរជំហរស្វែងរកដំណោះស្រាយ
ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះស្រាយបញ្ហាដែលជាប់គាំងមួយមិនអាចធ្វើបានត្រឹម១ថ្ងៃ ឬ២ថ្ងៃនោះទេ វាត្រូវការពេលវេលាវែងឆ្ងាយដើម្បីដោះស្រាយ និងមានជំហរមិនតឹងពេក មិនធូរពេក។ សម្ដេចបានលើកឡើងថា បញ្ហាមីយ៉ាន់ម៉ាក៏ដូចគ្នាគួរណាស់តែអាស៊ាន និងអន្តរជាតិរកវិធីសាស្ត្រផ្សេងពីជំហរបច្ចុប្បន្នដើម្បីរកដំណោះស្រាយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧កន្លែង នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅសល់តែជាង១០ខែទៀតទេ កម្ពុជានិងផុតអាណត្តិប្រធានអាស៊ាន ហើយបញ្ហាប្រទេសមីយ៉ាន់ម៉ាប្រសិនជាមិនអាចដោះស្រាយបាននឹងបន្តបញ្ហានេះទៅប្រធាននាពេលបន្ទាប់ក្នុងឆ្នាំ២០២៣។ សម្ដេចតេជោថាបញ្ហាជាប់គាំងរបស់មីយ៉ាន់ម៉ាដែលអាស៊ានមិនអាចជួយដោះស្រាយរួចគឺដោយសារការរក្សាគោលការណ៍តឹងតែងពេកសម្រាប់ដោះស្រាយ។
សម្ដេចតេជោបានលើកឡើងថា៖ «គេមិនអាចយកគោ ទៅដាក់មុខនឹមរទេះបានទេ។ ច្បាស់ជាយកគោមកទឹមនៅនឹម វិធីសាស្ត្រសដោះស្រាយដែលយកគោទៅដាក់មុខរទេះពិតជាមិនអាចទៅរួចទេ។ ខ្ញុំចង់ទុកឱ្យមិត្តភក្តិក្នុងអាស៊ានដោះស្រាយ ខ្ញុំក៏មិនចង់ធ្វើអត្ថាធិប្បាយដែរ តែខ្ញុំក៏មានបទពិសោធន៍មួយផ្នែកនៃការដោះស្រាយ។ រឹងពេកក៏មិនបាន ទន់ពេកក៏មិនបាន ត្រូវរកចន្លោះកណ្ដាលមួយទើបអាចដោះស្រាយបាន» ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថាប្រសិនជានៅតែរក្សាវិធានការតឹងតែងបៀបនេះ សង្គ្រាមនៅមីយ៉ាន់ម៉ានឹងបន្តរហូតដោយពុំអាចមើលឃើញឡើយនូវសន្ដិភាព។
សម្ដេចតេជោ ហ៊ុន សែន៖ «ចាំមើលទៅខ្ញុំវាយក្រឡាទុកឱ្យ ៥ឆ្នាំទៀតបើសិនជាធ្វើរបៀបហ្នឹង ពី៥ ទៅ១០ឆ្នាំទៀត។ ចាំមើលទៅ ប្រសិនជាបន្តធ្វើដំណើរការបែបនេះ។ ខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែននិយាយក្នុងនាមប្រធានអាស៊ានទេណាសុំកុំចងភ្ជាប់ខ្ញុំជាមួយនឹងប្រធានអាស៊ាន ប៉ុន្ដែចក្ខុវិស័យរបស់តេជោ ហ៊ុន សែន ច្បាស់ណាស់ប្រសិនជាបន្តបែបនេះតទៅទៀត! ៥ ទៅ១០ឆ្នាំទៀតប្រហែលជាមិនទាន់ឃើញពន្លឺសន្ដិភាពនៅមីយ៉ាន់ម៉ាទេ!»
គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។ ក្នុងជំនួបជាមួយសម្ដេចតេជោ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយសម្ដេចថានិងពន្យារបទឈប់បាញ់រហូតដល់ដំណាចឆ្នាំ២០២២ ក៏ដូចជាសម្របសម្រួលដល់ប្រេសិតពិសេសប្រធានអាស៊ានបានជួបភាគីពាក់ព័ន្ធទាំងអស់រួមទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិចផងដែរ ថែមទាំងសន្យាដោះលែងលោក Sean Turnell ផងដែរ។
ការធ្វើដំណើររបស់សម្ដេចទៅមីយ៉ាន់ម៉ានេះមានទាំងមតិគាំទ្រនិងមិនគាំទ្រ ខណៈសម្ដេចតេជោថា មូលហេតុដែលសម្ដេចចង់ជួយដល់ប្រទេសនេះគឺគ្រាន់តែចង់ឃើញសន្ដិភាពក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ហើយសម្ដេចក៏មិនទទួលបានប្រយោជន៍អ្វីពីការជួយនេះដែរ។ សម្ដេចថា អ្នកកំពុងជេរសម្ដេច និងប្រសិតពិសេសអង្គការសហប្រជាជាតិអំពីមីយ៉ាន់ម៉ាគឺកំពុងតែរុញប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ចូលសង្គ្រាមបន្តទៀត៕